គណបក្សប្រឆាំងរបស់ប្រទេសថៃ ចោទ​​អនុទីន ថា​ចុះ MOU រ៉ែ​កម្រ​ជាមួយ​អាមេរិក​ អត់​មាន​ពិគ្រោះយោបល់​ពីសភា

គណបក្សប្រឆាំងរបស់ប្រទេសថៃ បានចោទប្រកាន់នាយករដ្ឋមន្ត្រី ​អានុទីន ចានវីរៈគុល ថាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើ​រ៉ែ​កម្រជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយមិនមានការពិគ្រោះយោបល់ពីសភា ឬសាធារណៈ ដោយព្រមានថា កិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់បរិស្ថាន និងទុក​ឲ្យ​ប្រទេសថៃងាយរងគ្រោះចំពោះផលប្រយោជន៍បរទេស។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Khaosod នា​ថ្ងៃ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០២៥។

MOU ដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី​២៦​តុលា ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍ និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកសម្រាប់រ៉ែសំខាន់ៗ និងធាតុកម្រ។ កិច្ច​ព្រម​ព្រៀង​នេះ​ស្រប​នឹង​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​បញ្ចប់​ជាមួយ​នឹង​ម៉ាឡេស៊ី។

Chanin Rungthanakiat អ្នកនាំពាក្យរងគណបក្សភឿថៃ បាននិយាយថា រដ្ឋាភិបាលត្រូវតែបញ្ជាក់អំពីមូលហេតុ ដែលកិច្ចព្រមព្រៀងដ៏សំខាន់បែបនេះត្រូវបានចុះហត្ថលេខា ដោយមិនបានជូនដំណឹងដល់ស្ថាប័ននីតិប្បញ្ញត្តិ ឬសាធារណៈជន។

លោក Chanin បាន​​ប្រាប់​ថា​ «​អនុស្សរណៈ​លើ​រ៉ែ​​កម្រ​​អាច​មាន ឬ​​មិន​​អាច​មាន​ប្រយោជន៍ ប៉ុន្តែ​សំណួរ​ពីរ​នៅ​តែ​មាន។ នៅពេលណាដែលរដ្ឋាភិបាលរបស់​អនុទីន​ចាប់ផ្តើមការចរចាជាមួយសហរដ្ឋអាមេរិក ហើយហេតុអ្វីបានជាមិនមានទំនាក់ទំនងជាមួយសភា ឬប្រជាជន? បញ្ហា​នេះសមនឹងទទួលបានការពិភាក្សាបើកចំហមុនពេលចុះហត្ថលេខា»។

លោក Phattarapong Leelaphat សមាជិកសភាបក្សប្រជាជននៃខេត្ត Chiang Mai ក៏បានរិះគន់រដ្ឋាភិបាលផងដែរ ដោយនិយាយថា MOU អនុគ្រោះផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងខ្វះការការពារបរិស្ថានច្បាស់លាស់។ លោកបានចោទសួរថាហេតុអ្វីបានជាកិច្ចព្រមព្រៀងនេះអវត្តមានពីកំណត់ហេតុកិច្ចប្រជុំកាលពីថ្ងៃទី​២១​ខែតុលារបស់គណៈរដ្ឋមន្ត្រី ហើយបានចោទប្រកាន់នាយកដ្ឋានឧស្សាហកម្មបឋម និងរ៉ែថាខ្វះបទពិសោធន៍ក្នុងការទាញយករ៉ែកម្រ។

លោក Phattarapong បានព្រមានថា កិច្ចព្រមព្រៀងនេះអាចផ្តល់​ឲ្យ​អ្នកវិនិយោគអាមេរិកមានសិទ្ធិចូលប្រើប្រាស់ធនធានរ៉ែ និងទិន្នន័យរបស់ប្រទេសថៃ ដោយមិនមានការការពាររឹងមាំប្រឆាំងនឹងការ​ធ្វើ​ឲ្យ​ខូច​គុណភាព​ទឹកពីប្រតិបត្តិការរុករករ៉ែ។ លោក​បាន​បន្ថែម​​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​ប្រថុយ​នឹង​ការ​ប្រែ​ក្លាយ​ថៃ​ទៅ​ជា​«កូនបំណុល​ក្នុង​សង្គ្រាម​រ៉ែ​​កម្រ​រវាង​ចិន​និង​អាមេរិក»។

លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​ផ្អាក​គម្រោង​រុករក​រ៉ែ​កម្រ​ទាំងអស់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​រ៉ែ ដើម្បី​ការពារ​បរិស្ថាន​ឲ្យ​បាន​ល្អ​ប្រសើរ និង​ទប់ស្កាត់​ការ​កេងប្រវ័ញ្ច​ពី​បរទេស។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Siripong Angkasakulkiat បាននិយាយការពារ MOU ដោយ​ប្រាប់​ថា វាមានគោលបំណងទាក់ទាញបច្ចេកវិទ្យាទំនើប និងការវិនិយោគដែលអាចជួយប្រទេសថៃអភិវឌ្ឍវិស័យរ៉ែកម្ររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។

លោក Siripong បានដកស្រង់សម្តីលោក​អនុទីន​​ថា «រ៉ែដ៏កម្រគឺជាសារធាតុរ៉ែដ៏មានតម្លៃដែលអាចបង្កើនប្រសិទ្ធភាពផលិតកម្ម និងគុណភាពផលិតផល។ សហរដ្ឋអាមេរិកចង់ចូលរួមក្នុងការអភិវឌ្ឍ​ធនធានទាំងនេះ ប៉ុន្តែប្រទេសថៃខ្វះចំណេះដឹងគ្រប់គ្រាន់ ដូច្នេះយើងត្រូវស្វែងរកបច្ចេកវិទ្យា និងជំនាញ»។

លោក​បញ្ជាក់​ថា អនុស្សរណៈ​យោគយល់​គ្នា​នេះ​មិន​ជាប់​កាតព្វកិច្ច និង​ជា​កម្មវត្ថុ​នៃ​ច្បាប់​ថៃ និង​គោលការណ៍​អភិបាលកិច្ច​ល្អ។ លោក​បាន​បន្ថែម​ថា​ «​ប្រសិន​បើ​នៅ​ពេល​អនាគត MOU ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​មាន​ប្រយោជន៍​នោះ​ភាគី​ទាំង​សង​ខាង​អាច​បញ្ចប់​វា​បាន​គ្រប់​ពេល»។

យោងតាមកាសែត South China Morning Post កិច្ចព្រមព្រៀងរ៉ែ​កម្ររបស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសថៃ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់របស់ចិន បន្ទាប់ពីកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយម៉ាឡេស៊ី។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងការគ្រប់គ្រងការនាំចេញលើវត្ថុធាតុដើម និងបច្ចេកវិទ្យារ៉ែ​កម្រនៅដើមខែនេះ ចំពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក។

អ្នកវិភាគនិយាយថា សហរដ្ឋអាមេរិកចាត់ទុកអាស៊ីអាគ្នេយ៍ជាប្រភពជំនួសដ៏សំខាន់នៃសារធាតុរ៉ែសំខាន់ៗដែលត្រូវការសម្រាប់ឧស្សាហកម្មរថយន្ត វិស័យការពារជាតិ និងបច្ចេកវិទ្យា​ជាន់​ខ្ពស់របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង