គ្រោះទឹកជំនន់ផ្តាច់ជីវិតមនុស្សយ៉ាងហោច៩នាក់ និង៥នាក់បាត់ខ្លួន នៅភាគកណ្តាលប្រទេសវៀតណាម
(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រា បានឆក់យកជីវិតមនុស្សយ៉ាងហោច៩នាក់ និងធ្វើឱ្យ៥នាក់ផ្សេងទៀតបាត់ខ្លួន នៅតំបន់ភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។
៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺស្ថិតនៅទីក្រុង Danang និងទីក្រុងបុរាណ Hoi An។ ក្រៅពីផ្តាច់ជីវិតមនុស្ស គ្រោះទឹកជំនន់ ក៏បានបង្កការលិចលង់ផ្ទះសម្បែងសរុបរហូតដល់ជាង ១០៣ ០០០ខ្នងផងដែរ ភាគច្រើននៅទីក្រុង Hue និង Hoi An។ កាលពីថ្ងៃអង្គការ ផ្នែកមួយចំនួននៃទីក្រុងទាំងពីរ បានទទួលរងភ្លៀងធ្លាក់កម្រិតលើស១០០០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក។
គួរបញ្ជាក់ថា វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្កការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ។ បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមវៀតណាម ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅលើតំបន់ភាគកណ្តាលប្រទេស សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕

