មេទ័ពកម្ពុជា នៅកងពលធំអន្តរាគមន៍លេខ៣ ផ្ដល់សញ្ញាបៃតងជុំវិញបញ្ហាព្រំដែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ កងពលធំអន្តរាគមន៍លេខ៣ ក្រោមការដឹកនាំពីមេទ័ព ស្រី ឌឹក នៃកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញញត្តគាំទ្រ សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ។
តាមរយៈលិខិតបានបញ្ជាក់ថា ៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ សូមចូលរួមអបអរសាទរយ៉ាងមហោឡារិក ចំពោះរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អានុទីន ចាន់វារៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ” ដែលមានឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើម និង សម្របសម្រួលនូវដំណើរការចរចារក សន្តិភាពរហូតឈានដល់ការចុះហត្ថលេខានាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី»។
ក្នុងនោះ កងពលធំអន្តរាគមន៍លេខ៣ ចាត់ទុកកិច្ចព្រមព្រៀង ខាងលើជាជំហានវិជ្ជមានមួយដ៏សំខាន់ ដើម្បីឈាន ទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និង ប្រែក្លាយតំបន់ព្រំដែន ដែលមានជម្លោះទៅជាតំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍រួមគ្នា។
កងពលធំអន្តរាគមន៍លេខ៣ សូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាព គឺជាទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់ របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និង ថៃ ជាអ្នកជិតខាង អយចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន នៃការគោរពគ្នា និង ការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវ វប្បធម៌សន្ទនាការទូត និង ការគោរពច្បាប់អន្តរជាតិ៕

