ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទម្លាយ​វិធីសាស្រ្ត​ដែល​លោក​​​ចរចា​​បញ្ចប់សង្គ្រាម​កម្ពុជានិង​ថៃ

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី​២៩ខែ​តុលានេះ ក្នុងពិធី​ថ្លែងបាឋកថា​អាហារ​ថ្ងៃត្រង់​ដែល​ជាផ្នែក​​មួយ​នៃ​កិច្ច​ប្រជុំ​កំពូល​នៃវេទិកា​កិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅប្រទេសកូរ៉េខាងត្បូង​​បាន​ថ្លែង​ថា លោក​​បាន​ប្រើប្រាស់​វិធីសា​ស្ត្រ​​យក​​​របាំង​ពន្ធ​គយ​​​​​ដើម្បី​គាបសង្កត់​​​​ភាគី​ជម្លោះថៃ​និង​កម្ពុជា​ឲ្យ​​​បញ្ចប់សង្គ្រាម​បង្ហូរឈាម​នៅតាមបណ្តោយ​ព្រំ​ដែន​ ដើម្បី​ទទួលបាន​ការ​អនុគ្រោះ​​។​

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាននិយាយប្រាប់​​​​​​ក្រុម​​​​​​​នាយកប្រតិបត្តិ​​​​​ (​CEO)​ ដែល​តំណាង​ឲ្យ​​​ក្រុមហ៊ុន​​លំដាប់​ពីភពលោក អំពីវិធីសាស្ត្រ​​ដែល​លោក​​ចរចា​បញ្ចប់សង្គ្រាម​រវាងកម្ពុជា​និង​ថៃ​ដែលនាំ​ទៅដល់​ការ​បញ្ចប់ជម្លោះ​ដែល​មានរយៈពេល​ជាង​​៥០០ឆ្នាំ​ និង​​បញ្ចប់​ការ​​សម្លាប់ជីវិតមនុស្ស។

​​លោក ដូណាល់ ត្រាំ បាន​លើក​ឡើង​ថា ​ការ​ចរចា​​នាំទៅដល់​បទឈប់បាញ់​នោះ​​​ប្រើពេល​​ចំនួន​២ថ្ងៃ​ ដោយ​លោក​ត្រូវ​ហៅទូរ​ស័ព្ទ​​​ចុះ​ឡើង​ៗ​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​​កម្ពុជា​និង​​ថៃ​​ ហើយ​ក៏មាន​ការ​សម្របសម្រួល​​ដ៏​ប៉ិនប្រសព្វ​​ក្នុងការ​សម្របសម្រួល​របស់​ភាគី​ម៉ាឡេស៊ី​។ ​​លោក ត្រាំ បាន​ចាត់ទុកនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ ជា​​តួអង្គដ៏សំខាន់​ក្នុង​ការ​ចរចា​​​ក្នុងជម្លោះដ៏ក្តៅ​គគុក​នេះ​។​ ​

​តាមអ្វីដែល​ប្រធានាធិបតី ដូណាល់ ត្រាំ បានរៀបរាប់​ លោក​ក៏បាន​​​​ប្រើប្រាស់​​​​​​សាស្រ្តដាក់​ការគាបសង្កត់​ដោយសា​រ​​​របាំងពន្ធ​គយ​ដែលកំពុងស្ថិតក្ន្ងុងដំណាក់​កាលចរចា​នាពេលនោះ ដោយ​​គម្រាម​ថា ​ពួកគេ​​ត្រូវតែ​​​បញ្ចប់​ការ​ប្រយុទ្ធគ្នា​ បើចង់បាន​​ការ​បញ្ចប់​អត្រាពន្ធគយ​​លើ​ទំនិញ​នាំ​ចូលទីផ្សាររបស់សហរដ្ឋអាមេរិក​។​

​​ក្នុង​ការ​ថ្លែង​​ជិត​​៥០នាទី​​ទៅ​កាន់​​អ្នក​ជំនាញ​រាប់រយ​អ្នក ដែល​ជា​អ្នក​​​​ធុរកិច្ច​​​លំដាប់​ពិភពលោក ប្រធានាធិបតី ដូណាល់ ត្រាំ បានហៅ​​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសកម្ពុជា​និង​ប្រទេសថៃ​ជាមនុស្សល្អ ដែល​ពួក​គេ​ទាំងពីរ​ដូច​ជា​មិត្តល្អ​​ ហើយ​ចូល​មក​ចុះ​ហត្ថលេខា​​លើ​​កិច្ច​ព្រមព្រៀង​សន្តិភាព​។

​​ក្នុងអំឡុង​ពេលចរចា​លោក បាន​សួរ​អំពីដំណើរ​ដើម​ទង​នៃ​ជម្លោះ ដែលត្រូវ​បាន​រាយការណ៍​ថា មានរយៈពេល​៥០០​ឆ្នាំ​កន្លងមកហើយ ​ដែល​លោក​អត្ថាធិប្បាយថា «មានរយៈពេលយូរ​ពេកហើយ​»។ ក្នុងការចុះ​ហត្ថលេខាកាល​ពីថ្ងៃអាទិត្យកន្លងទៅ លោកត្រាំ ចាត់ទុកថា​ ជាព្រឹត្តិការណ៍​ចុះ​កិច្ច​ព្រមព្រៀងដ៏អស្ចារ្យ​«Great Deal»​៕​​

អត្ថបទដែលជាប់ទាក់ទង