ប្រជាជនថៃរស់នៅតាមតំបន់មួយចំនួនកំពុងភ័យខ្លួន ព្រោះតែទំនប់នានាជិតលែងទប់ទឹកជាប់ហើយ

ប្រជាជនថៃរស់នៅតាមតំបន់មួយចំនួនកំពុងភ័យខ្លួន ព្រោះតែទំនប់នានាជិតលែងទប់ទឹកជាប់ហើយ ក្នុងនោះក៏មានទំនប់ Bhumibol នៅក្នុងខេត្ត Tak ផងដែរ។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតាមតំបន់ក្រោមទំនប់កំពុងបង្ហាញក្តីបារម្ភនិងត្រៀមលក្ខណៈព្រោះថា បើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ ទំនប់នឹងទម្លាយទឹកចេញបន្ថែម បង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាក់ជាមិនខាន។

មានតែការរំដោះទឹកចេញប៉ុណ្ណោះ ទើបអាចជួយទំនប់បាន បើមិនដូច្នោះទំនប់អាចប្រឈមនឹងហានិភ័យបាក់ធ្លាយ បង្កគ្រោះថ្នាក់កាន់តែធំធេង។

ជុំវិញបញ្ហានេះ នាយកដ្ឋានធារាសាស្រ្តថៃ កំពុងតាមដានស្ថានភាព និងប្រុងជើងការខ្ពស់ ត្រៀមចាត់វិធានការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន។

តាមរបាយការណ៍មុននេះ ទំនប់៣របស់ថៃសុទ្ធតែស្តុកទឹកជិតដល់កម្រិត ដូចជា Bhumibol (៩៩%), Sirikit (៩៨%) និង Pa Sak Jolasid (៩៧%) ចំណែកទំនប់មួយទៀតគឺ Khwae Noi បានស្តុកលើសកម្រិតទៅហើយពោលគឺ ១០១%។

កម្ពស់ទឹកបានហក់ឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ជាឥទ្ធិពលនៃព្យុះជាបន្តបន្ទាប់ បង្កជាទឹកជំនន់នៅទីក្រុងបាងកក និងខេត្តភាគខាងជើងដូចជា Phrae, Nan, Chiang Rai, Sukhothai និង Lampang។

លើសពីនេះ ខេត្តចំនួន៧ ដូចជា Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុតរួចទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង