សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខពលរដ្ឋ ៣រូប ដែលរងរបួសដោយការបាញ់ប្រហារពីយោធាថៃ នៅមន្ទីរពេទ្យកាល់ម៉ែត
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ដល់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ៣រូប ដែលកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋទាំង ៣រូបនេះ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់ប្រហារពីសំណាក់យោធាថៃ នៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងដំណើរអញ្ជើញសួរសុខទុក្ខនេះ ជនរងគ្រោះទាំងបីរូប ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការពិនិត្យ និងព្យាបាលបន្ត បន្ទាប់ពីពួកគេបានទទួលការវះកាត់សង្គ្រោះជីវិតដោយជោគជ័យ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ក្នុងខេត្តបន្ទាយមានជ័យ រួចមក។
ក្នុងឱកាសនោះ សម្តេចធិបតី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ដែលបានចាត់វិធានការលឿនរហ័ស ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងចាត់ចែងដឹកជញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ដែលបានយកចិត្តទុកដាក់ខ្ពស់ ធ្វើការវះកាត់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋទាំង៣រូប ប្រកបដោយជោគជ័យ។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានជាសះស្បើយ និងមានកម្លាំងមាំមួនឡើងវិញ។
ទាក់ទិននឹងឧបទ្ទវហេតុនេះ សម្តេចធិបតី បានបញ្ជាក់ជាថ្មី អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី។ សម្តេចបានគូសបញ្ជាក់ថា ការដោះស្រាយដោយអំពើហិង្សា ឬការប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬបង្កលក្ខណៈវិជ្ជមានសម្រាប់ការដោះស្រាយបញ្ហានោះទេ ផ្ទុយទៅវិញ វានឹងបង្កហានិភ័យគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕
