ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទឹកចិត្តពលរដ្ឋចូលរួមរាយការណ៍ពីករណីគ្រឿងញៀនតាមរយៈ App NoDrugs ដើម្បីកម្ពុជាគ្មានគ្រឿងញៀន

(ស្វាយរៀង)៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមរាយការណ៍ពីករណីគ្រឿងញៀន តាមរយៈ App NoDrugs ដើម្បីកម្ពុជាគ្មានគ្រឿងញៀន។

ការលើកទឹកចិត្តបែបនេះរបស់លោក ឡុង សេង បានឡើងនៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន នៅទីរួមខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលរៀបចំដោយក្រសួងព័ត៌មាន ក្នុងនាមជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាសភាពចូលរួមពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែលជាង ៥០០នាក់។

នាឱកាសនោះដែរ លោកបានលើកឡើងថា កម្មវិធីទូរស័ព្ទដៃ ឬហៅថា APP ដែលមានឈ្មោះថា NO DRUGS យើងអាចពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំ ឱ្យបានទៅដល់ប្រជាពលរដ្ឋស្ទើរគ្រាប់អ្នកដែលមានទូរស័ព្ទដៃប្រើ មិនថា ចាស់ឬក្មេង នៅទីប្រជុំជន នៅជនបទ ឬនៅក្រៅប្រទេសឡើយ គឺពួកគាត់អាចទទួលបានព័ត៌មាន ទទួលបានការអប់រំ ទទួលបានការកម្សាន្តសប្បាយ ហើយជាមួយគ្នានោះ ក៏អាចចូលរួមជាយោបល់ លើកជាសំណូមពរ ផ្តល់ជាព័ត៌មាន ឬរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដើម្បីទទួលបានការឆ្លើយតប ឬកិច្ចអន្តរាគមន៍តាមបញ្ហាដែលពួកគាត់បានជួបប្រទះ ក្នុងនោះរួមទាំងការឆ្លើយតបចំពោះបងប្អូនដែលមានកូនចៅ ឬញាត្តិមិត្តញៀនគ្រឿងញៀន ក៏អាចស្វែងរកព័ត៌មាន និងស្នើសុំកិច្ចអន្តរាគមន៍តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ម្យ៉ាងទៀត អ្នកចូលមើល ក៏អាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិ កុំឱ្យពាក់ព័ន្ធ ឬចាញ់ការបោកបញ្ឆោទឱ្យទៅប្រើប្រាស់គ្រឿងញៀន។ ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់ ១០០%៕

អត្ថបទដែលជាប់ទាក់ទង