ក្រសួងយុត្តិធម៌ចង្អុលបង្ហាញដល់ស្ថាប័នតុលាការនៅទូទាំងប្រទេសឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ទាំងក្នុង និងក្រៅបរិវេណតុលាការ ជាពិសេសនៅពេលដឹកអ្នកទោសមកកាន់តុលាការ
ក្រសួងយុត្តិធម៌ចង្អុលបង្ហាញដល់ស្ថាប័នតុលាការនៅទូទាំងប្រទេសឱ្យពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ទាំងក្នុង និងក្រៅបរិវេណតុលាការ ជាពិសេសនៅពេលដឹកអ្នកទោសមកកាន់តុលាការ។ ការចង្អុលបង្ហាញរបស់ក្រសួងទៅកាន់តុលាការ ធ្វើឡើងក្រោយមានហេតុការណ៍ចូលរំដោះអ្នកទោសចេញពីក្នុងបរិវេណតុលាការខេត្តស្វាយរៀង ពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា ក្រោយមានហេតុការណ៍ខាងលើ ក្រសួងយុត្តិធម៌បានជំរុញឱ្យតុលាការទូទាំងប្រទេស សហការជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដាក់ចេញនូវវិធានការសមស្របក្នុងការពង្រឹងសន្តិសុខទាំងការចេញ និងចូល ទាំងក្នុងបរិវេណតុលាការ។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ តុលាការក៏នឹងធ្វើចំណាត់ថ្នាក់ឡើងវិញអំពីជនជាប់ឃុំ ដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទល្មើសដោយក្រុមមានការចាត់តាំង ដើម្បីដាក់ចេញនូវវិធានការពង្រឹងសន្តិសុខ អាស្រ័យទៅតាមចំណាត់ថ្នាក់នេះ។
លោក សេង ឌីណា បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងកិច្ចសហការរវាងតុលាការ ជាមួយកម្លាំងមានសមត្ថកិច្ច ដោយលោកលើកឡើងថា «កិច្ចការនេះត្រូវការកិច្ចសហការពីសំណាក់កម្លាំងសមត្ថកិច្ច ព្រោះការដឹកជញ្ជូន ក៏ដូចជាការធានាសុវត្ថិភាព និងសន្តិសុខ ពាក់ព័ន្ធនឹងជនជាប់ឃុំ គឺជាការងាររបស់កម្លាំងសមត្ថកិច្ច ហើយតុលាការមិនមានកងកម្លាំងខ្លួនឯងទេ»។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាប់ឃុំជាជនជាតិវៀតណាមចំនួន៦នាក់ ត្រូវបានរំដោះចេញពីសាលាដំបូងខេត្តស្វាយរៀងដោយស្ត្រីជាជនសង្ស័យម្នាក់ នៅពេលដែលអ្នកទោសទាំងនោះ ត្រូវបានមន្ត្រីពន្ធនាគារដឹកបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀង។ ប៉ុន្តែក្រោមប្រតិបត្តិពីកម្លាំងជំនាញចម្រុះ អ្នកទោសនិងបក្សពួកត្រូវបានចាប់ខ្លួនត្រឡប់មកវិញទាំងអស់៕
