អូស្រ្តាលីបញ្ជាទិញយន្តហោះដ្រូន Ghost Bat ក្នុងតម្លៃជិត១ពាន់លានដុល្លារ សម្រាប់បំពាក់ឱ្យយោធា ក្រោយការធ្វើតេស្តអាវុធ

(កង់បេរ៉ា)៖ នាថ្ងៃអង្គារនេះ អូស្រ្តាលីបានប្រកាសឱ្យដឹងថា ខ្លួនបានចុះកិច្ចសន្យាតម្លៃ១.៤ពាន់លានដុល្លារអូស្រ្តាលី ស្មើនឹង៩៣០លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុន Boeing Defence Australia ដើម្បីទិញយន្តហោះដ្រូន Ghost Bat ចំនួន៦គ្រឿង សម្រាប់កងកម្លាំងការពារជាតិអូស្រ្តាលី ក្រោយការធ្វើតេស្តអាវុធលើកដំបូង ចំពោះគោលដៅលើផ្ទៃអាកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសខាងលើធ្វើឡើង គាប់ជួបពេលគ្នាជាមួយកិច្ចពិភាក្សារវាង រដ្ឋមន្រ្តីការពារជាតិនិងការបរទេសអូស្រ្តាលី-អាមេរិក នៅឯទីក្រុងវ៉ាស៉ីនតោន ជាទីដែលសម្ព័ន្ធមិត្តសន្តិសុខទាំងពីរបានឯកភាព ចំពោះការផលិតនិងជួសជុលរួមគ្នា នូវមីស៉ីលគ្រូសល្បឿនលឿនជាងសំឡេង ក្នុងប្រទេសអូស្រ្តាលី ព្រមទាំងការដាក់ពង្រាយញឹកញាប់ជាងមុន នៃយន្តហោះទម្លាក់គ្រាប់បែកអាមេរិក ក្រោមក្របខណ្ឌមិនអចិន្រ្តៃយ៍។

យន្តហោះដ្រូន Ghost Bat ឬ MQ-28A គឺជាយន្តហោះយោធាដំបូងបង្អស់ ដែលត្រូវបានរចនាឡើងនៅប្រទេសអូស្រ្តាលី ក្នុងរយៈពេលច្រើនជាង៥០ឆ្នាំ សម្រាប់ហោះហើរធ្វើជាដៃគូ ជាមួយយន្តហោះឈ្លបការណ៍ និងយន្តហោះចម្បាំង បានចម្ងាយជាង ៣៧០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា កន្លងមកនេះ អូស្រ្តាលីធ្លាប់បាននិយាយថា ខ្លួននឹងចំណាយថវិកា១០ពាន់លានដុល្លារអូស្រ្តាលី ទៅលើដ្រូន សម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខ។ កាលពីខែតុលា អូស្រ្តាលីក៏បានប្រកាសដែរថា ខ្លួននឹងចំណាយ១.៧ពាន់លានដុល្លារអូស្រ្តាលី ទៅលើនាវាមុជទឹកដ្រូនហៅថា Ghost Shark ដែលអភិវឌ្ឍដោយកងកម្លាំងការពារជាតិអូស្រ្តាលី និងក្រុមហ៊ុនអាមេរិក Anduril Industries៕

អត្ថបទដែលជាប់ទាក់ទង