ថ្ងៃនេះ ជាខួបលើកទី៣៣ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៣៣ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៥)។

ប្រាសាទអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេសហរដ្ឋអាមេរិក ។

ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបានប្រារព្ធ ធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា ជាប្រយោជន៍ដល់កិច្ចការ ពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិហៅកាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបានបង្កើតឡើង នាខែធ្នូ ឆ្នាំ១៩៩៣។

តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណ ដ្ឋានស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា។

នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង