​ថៃ​ នៅ​តែរឹង​ទទឹង​​បន្តប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន​ជាមួយកម្ពុជា ទោះបី លោក ដូណាល់ ត្រាំ បានអះអាង​ថា លោកបានសម្របសម្រួលបទឈប់បាញ់ថ្មី​ហើយ​ក៏​ដោយ

នាយករដ្ឋមន្ត្រីចាំផ្ទះ​ថៃ​ នៅ​តែរឹង​ទទឹង​​បន្តប្រតិបត្តិការយោធាតាមបណ្តោយព្រំដែន​ជាមួយកម្ពុជា ខណៈយន្តហោះចម្បាំង​របស់​ក្រុង​បាងកក​បានវាយប្រហារគោលដៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង​ថា លោកបានសម្របសម្រួលបទឈប់បាញ់ថ្មី​ហើយ​ក៏​ដោយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​នា​ថ្ងៃ​​អាទិត្យ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០២៥។

នាយករដ្ឋមន្ត្រីចាំផ្ទះ អានុទីន ឆានវីរៈគុល បាន​លើក​ឡើង​ថា ថៃនឹង​«បន្តធ្វើសកម្មភាពយោធារហូតដល់យើងមានអារម្មណ៍ថាគ្មានការបង្កគ្រោះថ្នាក់ និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនទៀត» ដោយច្រានចោលការអះអាងដែលថា អរិភាពត្រូវបានបញ្ឈប់ ដែល​សម្ដី​នេះ​ហាក់​ផ្គើន​ខ្លាំង​ទៅនឹង​ការ​​អះអាង​របស់​មេ​ដឹក​នាំ​អាមេរិក។

លោកត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកបានជជែក​ជាមួយលោកអានុទីន និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ ហ៊ុន ម៉ាណែត ហើយមេដឹកនាំទាំងពីរបានយល់ព្រម«បញ្ឈប់ការបាញ់ទាំងអស់»។ ខណៈ​កម្ពុជា​បាន​សាទរ​នឹង​ការ​សម្របសម្រួល​​របស់លោក​ត្រាំ លោកអានុទីន បែរ​ជា​ចេញ​មុខ​មក​ទទូច​ទាំង​ទទឹង​ទិស​ថា មិនមានបទឈប់បាញ់ណាមួយត្រូវបានដាក់​ឲ្យ​ប្រើប្រាស់នោះ​ឡើយ។

បើតាម​រ៉យទ័រ អ្នកនាំពាក្យសេតវិមាន បាន​​ប្រកាស​ថា ប្រធានាធិបតីត្រាំ រំពឹងថាភាគីទាំងអស់នឹងគោរពការប្តេជ្ញាចិត្តរបស់ពួកគេ ដោយ​និយាយថា «ប្រធានាធិបតីរំពឹងថា ភាគីទាំងអស់នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តដែលពួកគេបានធ្វើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ ហើយលោកនឹងដាក់ទោសនរណាម្នាក់តាមការចាំបាច់ ដើម្បីបញ្ឈប់ការសម្លាប់ និងធានាសន្តិភាពយូរអង្វែង»។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា កម្ពុជា​ស្វាគមន៍សំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្លាប់សម្របសម្រួលកិច្ច​ចរចាពីមុន ដើម្បីបញ្ឈប់ការប្រយុទ្ធចាប់ពី​យប់​ថ្ងៃសៅរ៍។

លោកអាន់វ៉ា ដែលជាប្រធានប្លុកតំបន់អាស៊ាន បានជំរុញ​ឲ្យ​ភាគីទាំងពីរចៀសវាងសកម្មភាពយោធាបន្ថែមទៀតចាប់ពីម៉ោង​១០​យប់​ថ្ងៃ​សៅរ៍ ហើយបាននិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលដឹកនាំដោយប្រមុខការពារជាតិម៉ាឡេស៊ី នឹងត្រូវដាក់ពង្រាយទៅកាន់ព្រំដែន ដោយ​អាមេរិកផ្តល់ការគាំទ្រដល់ការត្រួតពិនិត្យផ្កាយរណប។

ប៉ុន្តែលោកអានុទីន បានបញ្ជាក់​ថា ថៃមិនបានយល់ព្រមបញ្ឈប់ប្រតិបត្តិការនោះទេ។ លោកបានប្រាប់អ្នកកាសែតថា «មិនមានកិច្ចព្រមព្រៀងណាមួយស្តីពីការបញ្ឈប់អ្វីទាំងអស់នោះ​ឡើយ»។

សូមជម្រាប​ថា ជម្លោះ​តាម​បណ្តោយព្រំដែនប្រវែង​៨១៧​គីឡូម៉ែត្ររបស់កម្ពុជា-ថៃ​ បាន​ផ្ទុះ​ឡើង​សាជាថ្មី ចាប់តាំងពីថ្ងៃ​អាទិត្យ ដែលជាការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតចាប់តាំងពីការប្រឈមមុខដាក់គ្នារយៈពេល៥ថ្ងៃកាលពីខែកក្កដា ដែលត្រូវបានបញ្ឈប់បន្ទាប់ពីអន្តរាគមន៍របស់លោកត្រាំ៕

អត្ថបទដែលជាប់ទាក់ទង