រដ្ឋបាលរាជធានីភ្នំពេញ រៀបចំដឹកជញ្ជូនជំនួយជាបន្ដបន្ទាប់ទៅសមរភូមិមុខ និងជនភៀសសឹកទិសខេត្តព្រះវិហារ

(ព្រះវិហារ)៖ អំណោយមនុស្សធម៌ជាច្រើនមុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ ដឹកជញ្ជូនជាបន្តបន្ទាប់ទៅគោលដៅសមរភូមិជួរមុខ ទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជាបន្តបន្ទាប់ចំនួន៩ រថយន្តធំ-តូច រួចមកហើយ។ ក្រោយពីផ្ទុះការបាញ់ផ្លោងចូលឈ្លានពានជាថ្មីរបស់ទាហានថៃ មកក្នុងដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃនេះ នៅមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ។

លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រគល់អំណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ ដែលលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចេញមកទទួលដោយផ្ទាល់ នៅសាលាខេត្តព្រះវិហារ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់សាលារាជធានីភ្នំពេញទាំងអស់ ដែលតែងតែបានខិតខំខ្នះខ្នែងកៀងគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់កងទ័ពនៅសមរភូមិជួរមុខ ក៏ដូចជារដ្ឋបាលខេត្តព្រះវិហារ គ្រប់កាលៈទេសៈ។

លោកអភិបាលខេត្តព្រះវិហារ បានបន្ថែមថា អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់នានា របស់រដ្ឋបាលរាជធានីភ្នំពេញ ជូនមករដ្ឋបាលខេត្តព្រះវិហារ ក៏ដូចជាវីរកងទ័ពជួរមុខ ពិតជាមានសារៈសំខាន់ និងមានតម្លៃខ្លាំងណាស់ ខណៈយុទ្ធជនរបស់យើងបាននិងកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពានទឹកដីកម្ពុជា បង្កឲ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ខូចខាតយ៉ាងធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបេតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណខ្មែរ វត្តអារាម សាលារៀន មន្ទីរពេទ្យ សំណង់អគារ ផ្ទះ ស្ពាន ថ្នល់ ជាដើម។

ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមវីរកងទ័ពជួរមុខយើងទាំងអស់ ជឿទុកចិត្តលើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្នុងនាមអ្នកសមរភូមិក្រោយ យើងនៅឆ្ងាយតែរូបកាយប៉ុណ្ណោះ តែបេះដូង ឆន្ទៈមនសិការ ទឹកចិត្ត ស្មារតី នៅជាប់ជាមួយបងប្អូនវីរកងទ័ពយើងជាដរាប ដោយមិនបោះបង់បងប្អូនចោលឡើយ។

ជាក់ស្តែងកម្លាំងមហាសាមគ្គី នៃមហាគ្រួសារខ្មែរនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាននាំគ្នាមកបរិច្ចាគថវិកា និងគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចាំបាច់តាមធនធានរៀងៗខ្លួនចម្រុះមុខ ចាប់តាំងពីរដ្ឋបាលរាជធានី ចេញសេចក្តីអំពាវនាវរួចមក។ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ចែងវេចខ្ចប់ដឹកជញ្ជូនយកទៅប្រគល់ជូនជាបន្តបន្ទាប់ តាមគោលដៅដែលត្រូវការជំនួយសង្គ្រោះបន្ទាន់ជាចាំបាច់។

លោក ឯក ឃុនដឿន ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារ សូមគោរពជូនពរ និងអរគុណវីរកងទ័ព សូមឈ្នះមាសត្រូវគ្រប់សមរភូមិប្រយុទ្ធ ហើយបន្តឈរជើងយ៉ាងរឹងមាំ វាយបណ្តេញចោរសៀមឈ្លានពានទឹកដីកម្ពុជា ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារប្រជាពលរដ្ឋ ដែលកំពុងចូលមកឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ដោយពួកគេបានប្រើអស់គ្រប់មធ្យោបាយ ក្នុងគោលបំណងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងូរ មកលើដែនអធិបតេយ្យភាពហើយហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពុជា។

រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ មានជំរុំជនភៀសសឹកនៅទូទាំងខេត្តមានចំនួន១៣ទីតាំង មានប្រជាពលភៀសសឹក កំពុងស្នាក់នៅសរុបចំនួន ១០,៦៧២គ្រួសារ ស្មើនឹងមនុស្ស ចំនួន៣៤២,២៤៦នាក់ ស្រីចំនួន១៨,២២១នាក់។

សូមជម្រាបថា អំណោយដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីសប្បុរសជន ហើយបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាពេលនេះ ដូចជា៖ ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ករ អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ ទឹកផ្លែឈើ ទឹកក្រូច ក្រម៉ា អាវជជុះ និងថ្នាំពេទ្យ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង