នាវាផ្ទុកយន្តហោះដែលថ្មីបំផុត និងទំនើបបំផុតរបស់ចិន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

ក្រសួងការពារជាតិតៃវ៉ាន់ បាន​ឲ្យ​ដឹងថា នាវាផ្ទុកយន្តហោះដែលថ្មីបំផុត និងទំនើបបំផុតរបស់ចិន គឺនាវា Fujian បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី​១៧​ខែធ្នូ ដែលវា​ជាការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏រសើបនេះជាលើកដំបូង ចាប់តាំងពី Fujian ត្រូវបានដាក់​ឲ្យដំណើរការកាលពីខែមុន។

យោង​តាម​រ៉យទ័រ រដ្ឋាភិបាល​ក្រុង​តៃប៉ិ បាន​បញ្ជាក់​ថា យោធាតៃវ៉ាន់បានតាមដានយ៉ាងដិតដល់នូវការឆ្លងកាត់នេះ ដោយបានបញ្ចេញរូបភាពមិនសូវច្បាស់មួយសន្លឹកនៃនាវាផ្ទុកយន្តហោះនោះ ដែលមើលទៅហាក់ដូចជាគ្មានយន្តហោះនៅលើ​នាវានៅឡើយទេ។ មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្ដល់​ឲ្យ​នោះឡើយ ហើយក្រសួងការពារជាតិចិនក៏មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។

ការធ្វើដំណើរឆ្លងកាត់នេះ កើតឡើងចំពេលដែលមានសកម្មភាពយោធាចិនស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះនេះក៏ដោយ។

ប្រទេសចិនបាន​ប្រកាស​ថា ខ្លួនមានអធិបតេយ្យភាពលើច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់ ខណៈដែលតៃវ៉ាន់ និង​អាមេរិក ចាត់ទុកតំបន់នេះជាដែនទឹកអន្តរជាតិ។

នាវា Fujian ដែលត្រូវបានដាក់​ឲ្យ​ចូលបម្រើការកាលពីខែវិច្ឆិកា គឺជានាវាផ្ទុកយន្តហោះទីបីរបស់ចិន ដែល​បំពាក់នូវប្រព័ន្ធបាញ់បង្ហោះយន្តហោះអេឡិចត្រូម៉ាញេទិក (EMALS) ដែលជា​បច្ចេកវិទ្យាមាន​ប្រើ​តែ​មួយ​គត់​ដោយ​នាវា USS Gerald R. Ford របស់កងទ័ពជើងទឹកអាមេរិកប៉ុណ្ណោះ ដែលអនុញ្ញាត​ឲ្យ​យន្តហោះហោះឡើងជាមួយនឹងបន្ទុកធ្ងន់ និងប្រេងឥន្ធនៈកាន់តែច្រើន។ នាវា​នេះ​មាន​លក្ខណៈ​ទំនើបជាងនាវាមុនៗ ដូចជា នាវា Liaoning និងនាវា Shandong៕

អត្ថបទដែលជាប់ទាក់ទង