នាយកដ្ឋានគយថៃបាននិយាយថា ការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវមិនកើនឡើងខ្លាំងសម្បើមនោះទេ ដោយច្រានចោលការអះអាងរបស់ក្រសួងការពារជាតិថៃ
នាយកដ្ឋានគយថៃបាននិយាយថា ការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវមិនកើនឡើងខ្លាំងសម្បើមនោះទេ ដោយច្រានចោលការអះអាងរបស់ក្រសួងការពារជាតិថៃ ដែលថា ការនាំចេញប្រេងទៅឡាវកើនឡើងខ្លាំងគួរឱ្យសង្ស័យ ហើយប្រហែលនាំចេញបន្តមកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
ការច្រានចោលយ៉ាងបែបនេះ ធ្វើឡើងក្រោយអាជ្ញាធរថៃបិទការនាំចេញប្រេងទៅឡាវតាមច្រក Chong Mek នៃខេត្ត Ubon Ratchathani ដែលបង្កការរាំងស្ទះឡាវដឹកប្រេងប្រមាណ ៨០ គ្រឿង។ ក្រសួងថាមពលឡាវឯណោះវិញ ក៏បានច្រានចោលរបាយការណ៍របស់ថៃផងដែរ ដោយថា ប្រេងនាំចូលពីថៃ គឺដើម្បីតែប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះ។
លោក ផាន់តុង ឡយគុលណាន់តា (Phantong Loykulnanta) អគ្គនាយកនាយកដ្ឋានគយថៃ បានឱ្យដឹងថា ទិន្នន័យពីក្រសួងពាណិជ្ជកម្ម ក្រសួងថាមពល និងគយបានបង្ហាញថា កំណើននៃការនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៥ គឺតិចតួចបំផុត ដោយទាបជាងការអះអាងដែលថា កំណើននោះហក់ឡើងដល់ទៅ ៥-១០ ដង។
លោកបានបញ្ជាក់ថា ថៃបានឈប់នាំចេញប្រេងឥន្ធនៈមកកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០២៥ ខណៈការនាំចេញទៅឡាវ ជាមធ្យម មានប្រហែល ២០លានលីត្រ/ខែ។
នាយកដ្ឋានគយថៃបាននិយាយថា ខ្លួនកំពុងរឹតបន្តឹងការត្រួតពិនិត្យនៅគ្រប់ច្រកព្រំដែនទាំងអស់ ដើម្បីធានាថា ការដឹកជញ្ជូនប្រេងឥន្ធនៈមានគោលដៅទៅកាន់ឡាវ ហើយមិនត្រូវបានបញ្ជូនបន្តទៅប្រទេសទី ៣ ទេ ជាពិសេសកម្ពុជា។
ថ្មីៗនេះ ថៃបានអះអាងពីការទប់ស្កាត់ការនាំចេញប្រេង និងទំនិញយុទ្ធសាស្រ្តផ្សេងៗទៀតមកកម្ពុជា ខណៈកម្ពុជាឯណោះវិញ បានប្រកាសបិទការនាំចូលប្រេង និងឧស្ម័នឥន្ធនៈថៃគ្រប់ប្រភេទទាំងស្រុង តាំងតែពីខែមិថុនា៕
