ព្យុះមូសុងបានវាយប្រហារប្រទេសថៃ បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់និងបំណាក់ដី ជាពិសេសនៅភាគខាងត្បូង
ព្យុះមូសុងបានវាយប្រហារប្រទេសថៃ បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់និងបំណាក់ដី ជាពិសេសនៅភាគខាងត្បូងតែម្តង។
តាមការផ្សាយរបស់ Khaosod, នៅភាគខាងត្បូង មានខេត្តចំនួន៧រងគ្រោះខ្លាំងដោយសារព្យុះ ដោយក្នុងចំណោមនោះ ខេត្ត៤ដូចជា Songkhla, Pattani, Yala និង Narathiwat ធ្ងន់ធ្ងរជាងគេ។
នៅ Songkhla ដែលទើបតែធូរស្រាលពីគ្រោះទឹកជំនន់ដ៏សាហាវមិនទាន់បានប៉ុន្មានសប្តាហ៍ផង ឥឡូវកើតមានទឹកជំនន់ជាថ្មីជាពិសេសក្នុងឃុំ Ban Khao, Pak Taera, Tha Bon, Ban Mai និង Ranot នៃស្រុក Ranot។
នៅស្រុកនេះ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់សាលារៀនចំនួន១៧ ខណៈផ្លូវ២២៣ខ្សែ ត្រូវកាត់ផ្តាច់។ ចំណែកការខូចខាតផ្នែកកសិកម្ម ត្រូវគេប៉ាន់ស្មានថា មានប្រមាណ ៣.៦លានបាតរីឯផ្នែកជលផល មានប្រហែល ៣.៣ លានបាត។
សូមជម្រាបជាថ្មី យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ, ព្យុះនេះកើតឡើងដោយសារតែ ឥទ្ធិពលនៃ ខ្យល់មូសុងឦសាន ដែលមានកម្លាំងខ្លាំងគ្របដណ្ដប់លើ ឈូងសមុទ្រថៃខាងលើ និង សមុទ្រអាន់ដាម៉ាន់។
ព្យុះនេះកើតឡើង ក្រោយពេលភាគខាងត្បូងប្រទេសថៃ ជាពិសេសស្រុក ហាតយ៉ៃ នៃខេត្ត សុងក្លា ទើបតែធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវ ដែលសម្លាប់មនុស្សរាប់រយនាក់។
ផ្អែកលើទិន្នន័យផ្លូវការចុងក្រោយពីអាជ្ញាធរថៃ, តួលេខមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេស គឺមានចំនួន២៦៧នាក់ ដ្បិតពលរដ្ឋបន្ទោសរដ្ឋាភិបាលទីក្រុងបាងកកថា បិទបាំងតួលេខពិតក៏ដោយ៕