រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះអ្នកសារព័ត៌របស់ប្រទេសថៃដែលចោទថា បានចល័តកងទ័ពចូលក្នុងភូមិសាស្ត្រ និងនាំចូលសព្វាវុធធន់ធ្ងន់
រដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះអ្នកសារព័ត៌របស់ប្រទេសថៃ ដែលបានចុះផ្សាយព័ត៌មានចោទប្រកាន់ថា ក្រុងប៉ោយប៉ែត បានធ្វើការចល័តកងទ័ពចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងនាំចូលសព្វាវុធធន់ធ្ងន់។ រដ្ឋបាលក្រុងប៉ោយប៉ែត ចាត់ទុកការចុះផ្សាយរបស់អ្នកសារព័ត៌មានថៃ គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឱ្យមានការចលាចលនៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។
តាមរយៈសេចក្ដីបដិសេធ រដ្ឋបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ក្រុងប៉ោយប៉ែត គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំមួយប្រជុំដោយអាជីវកម្មជាច្រើនដែលមានអាជីវករ ពាណិជ្ជករ ចម្រុះជាតិសាសន៍មកធ្វើការបណ្តាក់ទុនរកស៊ី បង្កើតរោងចក្រ សហគ្រាសនានា និងរស់នៅធ្វើការងារមួយចំនួនផងដែរ ដែលក្នុងនោះមានប្រជាជនថៃបានមកធ្វើការ និងប្រកបរបររកស៊ីជាច្រើនពាន់នាក់ ហើយកំពុងស្នាក់នៅក្នុងក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ។
លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងចុះប្រចាំការផ្ទាល់នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ដែរថា ក្នុងទីក្រុងប៉ោយប៉ែតមានសុខសុវត្ថិភាព និងចរាចរណ៍ធម្មតា ត្បិតមានប្រជាពលរដ្ឋមួយចំនួនបានជម្លៀសរកកន្លែងសុវត្ថិភាព តែក៏មានប្រជាពលរដ្ឋជាច្រើនកំពុងរស់នៅ ហើយអាជីវកម្មមួយចំនួនក៏កំពុងបើកដំណើរការជាធម្មតា។
តាមការបញ្ជាក់ពីលោក ប៉ាន់ខែម ប៊ុនថន នៅក្នុងក្រុងប៉ោយប៉ែត មានជនជាតិបរទេសចំនួន៦៩ជាតិសាស្ត្រ ក្នុងនោះជនជាតិថៃមានចំនួនច្រើនជាងគេ ហើយក៏កំពុងបន្តប្រកបរបរធ្វើអាជីវកម្មការងារ និងស្នាក់នៅជាធម្មតា។
ជាការឆ្លើតតបទៅសារព័ត៌មានរបស់ប្រទេសថៃ លោក ប៉ាន់ខែម ប៊ុនថន ក៏បានបញ្ជាក់ដែរថា នៅក្នុងជម្លោះព្រំដែន និងការវាយប្រហារពីសំណាក់យោធាថៃឈ្លានពានមកលើកម្ពុជានេះ ក៏មិនមានការចាប់ ឬឃាត់ខ្លួនពលរដ្ឋថៃណាម្នាក់ដែលរស់នៅក្នុងក្រុងប៉ោយប៉ែតនោះដែរ៕
