ពូទីន៖ រុស្ស៊ីនឹងពង្រីកការគ្រប់គ្រងទឹកដីនៅអ៊ុយក្រែន បើការទាមទាររបស់មូស្គូត្រូវបានបដិសេធ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា ទីក្រុងមូស្គូនឹងពង្រីកការគ្រប់គ្រងទឹកដីនៅក្នុងប្រទេសអ៊ុយក្រែន បើទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចបដិសេធការទាមទាររបស់រុស្ស៊ី ទោះបីជាលោកបានបញ្ជាក់ថា វិមានក្រឹមឡាំងចង់បានការដោះស្រាយតាមរយៈកិច្ចចរចាក៏ដោយ។
យោងតាមការចុះផ្សាយរបស់ The Week នាថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ លោកពូទីន បានលើកឡើងថា រុស្ស៊ីនឹងបន្តការពិភាក្សាដើម្បីដោះស្រាយនូវអ្វីដែលលោកហៅថាជា «ឫសគល់» នៃជម្លោះ ប៉ុន្តែលោកបានគំរាមចាត់វិធានការយោធាបន្ថែមទៀត បើការទូតទទួលបរាជ័យ។
លោកបានថ្លែងថា «ប្រសិនបើភាគីម្ខាងទៀត និងអ្នកគាំទ្របរទេសរបស់ពួកគេ បដិសេធការសន្ទនាដែលមានខ្លឹមសារ រុស្ស៊ីនឹងសម្រេចគោលដៅរបស់ខ្លួនតាមរយៈមធ្យោបាយយោធា» ដោយលោកបានបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងយកប្រៀបខាងយុទ្ធសាស្ត្រនៅតាមបណ្តោយខ្សែត្រៀមជួរមុខ ហើយអាចនឹងពង្រីក «តំបន់ទ្រនាប់» នៅជិតព្រំដែនអ៊ុយក្រែន៕