៣ស្រុកនៃខេត្ត Songkhla ប្រទេសថៃ ប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី
ប្រទេសថៃ បានចេញការព្រមានដល់ស្រុកចំនួន៣ក្នុងខេត្ត Songkhla អំពីជំនន់រហ័សនិងបំណាក់ដីធ្ងន់ធ្ងរ ស្របពេលព្យុះមូសុងកំពុងវាយប្រហារ។
តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥, នាយកដ្ឋានឧតុនិយមថៃ ព្រមានថា ស្រុក Hat Yai, Saba Yoi និង Sadao កំពុងប្រឈមអាសន្នធំនៃគ្រោះទឹកជំនន់និងបាក់ដី ជាឥទ្ធិពលនៃព្យុះមូសុង ដែលបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្លា ឥតឈប់។
ដោយសារតែគ្រោះថ្នាក់ធ្ងន់ធ្ងរ នាយកដ្ឋានបានប្រាប់ឲ្យពលរដ្ឋត្រូវប្រញាប់ជម្លៀសនិងរើអ៊ីវ៉ាន់ព្រមទាំងរបស់មានតម្លៃ ទៅកាន់ទីទួលសុវត្ថិភាពឲ្យហើយ ថែមទាំងព្រមានឲ្យប្រយ័ត្នការឆក់ខ្សែភ្លើងផងដែរ។
ការព្រមាននេះកើតឡើងស្របពេល ថៃប្រកាសអាសន្នកម្រិតពណ៌លឿងនៅ Hat Yai រួចទៅហើយ ព្រោះតែភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យកម្ពស់ទឹកហក់ឡើងខ្ពស់បង្កជាជំនន់លិចហូរហៀរប្រឡាយស្ទឹងបឹងបួ និងទឹកហូរបុកយ៉ាងគំហុក។
សូមជម្រាបថា ខេត្ត Songkhla ទើបធូរស្រាលប៉ុណ្ណោះ ពីគ្រោះទឹកជំនន់ដ៏សាហាវដែលវាយប្រហារចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ៕
ប្រភព៖ Khaosod