ឡាវបានទទួលការអនុញ្ញាតពីចិន សម្រាប់់ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសដែលមានទីផ្សារដ៏ធំសម្បើម
ឡាវបានទទួលការអនុញ្ញាតពីចិន សម្រាប់់ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសដែលមានទីផ្សារដ៏ធំសម្បើមមួយនេះ ខណៈតម្រូវការទុរេននៅតែខ្លាំងក្លា។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
អគ្គនាយកដ្ឋានគយចិន បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ចិនផ្ដល់ការអនុញ្ញាតឱ្យឡាវអាចចាប់ផ្តើមនាំចេញចាប់ពីថ្ងៃសុក្រសប្តាហ៍មុននេះ ឱ្យតែថា ផ្លែទុរេនស្រស់របស់ខ្លួនបំពេញតាមស្តង់ដារអនាម័យ។
អ្នកវិភាគបាននិយាយថា ប្រទេសឡាវអាចក្លាយជាគូប្រជែងក្នុងទីផ្សារទុរេនរបស់ចិន ព្រោះឡាវមាននូវអត្ថប្រយោជន៍ពីកម្លាំងពលកម្មថោក អត្ថប្រយោជន៍ផ្នែកភស្តុភារ និងទំនាក់ទំនងនយោបាយរឹងមាំជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។
ពួកគេនិយាយថា ក្រុមហ៊ុននៅឡាវអាចលក់ផ្លែទុរេនក្នុងតម្លៃទាប ដោយសារតែតម្លៃដី និងកម្លាំងពលកម្មថោក ក៏ដូចជាការមានផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ទីក្រុងវៀងចន្ទន៍ ជាមួយទីក្រុងគុនមីង នៅភាគនិរតីនៃប្រទេសចិន។
លោក Lim Chin Khee ទីប្រឹក្សាសាលាទុរេន ដែលជាស្ថាប័នម៉ាឡេស៊ីបណ្តុះបណ្តាលអ្នកដាំដុះ បាននិយាយថា ទន្ទឹមនឹងអត្ថប្រយោជន៍នៃកម្លាំងពលកម្ម និងភស្តុភារ រសជាតិនៃផ្លែទុរេនពីប្រទេសឡាវនឹងខុសគ្នាតិចតួចពីផ្លែទុរេនដែលដាំដុះក្នុងប្រទេសជិតខាងដូចជាថៃ និងវៀតណាម ដែលបច្ចុប្បន្នកំពុងនាំមុខគេនៅក្នុងទីផ្សារចិន ដោយសារតែលំនាំទឹកភ្លៀងក្នុងប្រទេសទាំងនេះគឺស្រដៀងគ្នា។
យោងតាមទិន្នន័យគយចិន ការនាំចូលផ្លែទុរេនរបស់ប្រទេសនេះ បានឈានដល់កម្រិតខ្ពស់បំផុត ៦,៩៩ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០២៤។ ប្រហែល ៥៧% នៃការនាំចូលទាំងនោះ បានមកពីប្រទេសថៃ និង ៣៨% ពីវៀតណាម ខណៈផ្សេងៗទៀតមកពីកម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន។
កន្លងមក ឡាវបានស្វែងរកឱកាសសម្រាប់ការនាំចេញទុរេនរបស់ខ្លួន ប៉ុន្តែឡាវនៅតែត្រូវសិក្សាអំពីពាណិជ្ជកម្មផ្លែឈើមួយនេះ ដើម្បីពង្រីកវា។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឡាវ។
ឡាវមានមហិច្ឆតាក្នុងការអភិវឌ្ឍឧស្សាហកម្មផ្លែទុរេនរបស់ខ្លួនឱ្យឆាប់រហ័ស ហើយបច្ចុប្បន្ន ប្រទេសនេះមានចម្ការផ្លែទុរេនទំហំ ២០ ០០០ ហិកតា ជាមួយនឹងដើមទុរេនដែលចេញផ្លែរួចសរុប ១០ ០០០ ដើម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឡាវបានផ្សាយថា ឡាវបានកំណត់គោលដៅប្រមូលផលផ្លែទុរេនប្រហែល ២៧០ ០០០ ដើម ជាមួយនឹងទិន្នផលសរុបដល់ ២៤ ៣០០ តោន ត្រឹមឆ្នាំ ២០២៩៕