ក្រសួងមហាផ្ទៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ពលរដ្ឋស៉ីវិល១៨នាក់ស្លាប់ របួស៧៩នាក់ និងជម្លៀសកើនជាង៤៩ម៉ឺននាក់ ដោយសារសង្គ្រាមទន្ទ្រានឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកទល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់១៨នាក់ របួស៧៩នាក់ ខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត និងមានជនភៀសសឹកកើនឡើងជាបន្តបន្ទាប់ ទាំងក្នុងខេត្តជាប់ព្រំដែន និងបណ្តាខេត្តផ្សេងៗទៀត។
បើគិតពីម៉ោង៦ល្ងាចថ្ងៃទី១៨ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១៩ ខែធ្នូ ផលប៉ះពាល់មានដូចខាងក្រោម៖
*១៖ ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានពលរដ្ឋស្លាប់ និងរបួសថ្មីទេ។
*២៖ ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០.៨៩៦គ្រួសារ ស្មើនឹង ៣៤.៧៣១នាក់ ឧត្តរមានជ័យ ១១.៣៧៧គ្រួសារ ស្មើនឹង ៣៨.៣១៩នាក់ បន្ទាយមានជ័យ ៥៤.៨៩៥គ្រួសារ ស្មើនឹង ១៨៣.៥៨៧នាក់ បាត់ដំបង ១១.៧៨០គ្រួសារ ស្មើនឹង ៤២,២៤៩នាក់ ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង ៣.២២១នាក់ កោះកុង ២.៤៥០គ្រួសារ ស្មើនឹង ៨.៧៤៣នាក់ សៀមរាប ៤២.១៤៩គ្រួសារ ស្មើនឹង ១៣៣.៣០០នាក់ កំពត ៣.៧៧០គ្រួសារ ស្មើនឹង ១១.៥៣៤នាក់ កំពង់ស្ពឺ ១.០៧៣គ្រួសារ ស្មើនឹង ៣.៧៨៥នាក់ កណ្តាល ២.០១៧គ្រួសារ ស្មើនឹង ៦.៧៧២នាក់ កំពង់ចាម ៤.៨២១គ្រួសារ ស្មើនឹង ១៥.២៤២នាក់ កំពង់ធំ ៤.៧២២គ្រួសារ ស្មើនឹង ១៤.៣៨៩នាក់ កែប ៣២៨គ្រួសារ ស្មើនឹង ១.០៧៣នាក់ និងខេត្តក្រចេះ ៤៧៧គ្រួសារ ស្មើនឹង ១.៣៨៣នាក់។ សរុបពីដើមគ្រាមក ជនភៀសសឹកបានកើនដល់ ១៥១.៦៥៥គ្រួសារ ស្មើនឹង ៤៩៨.៣២៨នាក់ ក្នុងនោះស្ត្រីប្រមាណ ២៦ម៉ឺននាក់ និងកុមារប្រមាណជិត ១៦ម៉ឺននាក់។
*៣៖ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតផ្ទះពលរដ្ឋ៤ខ្នងបន្ថែមទៀត។ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ៧១ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព ១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យ គយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៤ខ្នង មណ្ឌលកសិកម្មសហគមន៍ ១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន២៥គ្រឿង ឃ្លាំងរថយន្ត១ ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា រដ្ឋបាល សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការ វាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖
