អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ហៅថៃ ថា ជារដ្ឋដែលបំផ្លាញសន្តិភាពក្នុងតំបន់

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយចាត់ទុកប្រទេសថៃ ថា ជារដ្ឋដែលកំពុងបំផ្លាញសន្តិភាពក្នុងតំបន់ តាមរយៈសកម្មភាពឈ្លានពានមកលើប្រទេសជិតខាង ដោយមិនខ្លាចរអាច្បាប់អន្តរជាតិ។

លោកស្រី ម៉ាលី សុជាតា និយាយក្នុងន័យដើមថា៖ «ថៃជារដ្ឋដែលបំពានច្បាប់អន្តរជាតិ និងជារដ្ឋដែលបំផ្លាញសន្តិភាព សន្តិសុខ មិនត្រឹមតែរវាងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែប៉ះពាល់ដល់តំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆិតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ»។​

ការលើកឡើងដូច្នេះរបស់លោកស្រី ម៉ាលី សុជាតា ក្រោយកងទ័ពថៃម្ដងហើយម្ដងទៀតតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកលទាំងអស់ ដើម្បីលាក់កំបាំងទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យកម្ពុជា ដោយទង្វើឈ្លានពានរបស់កងទ័ពថៃបានបន្តប្រើសព្វាវុធធុនធ្ងន់ មានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទ ជាពិសេសនោះគឺវាយប្រហារមិនរើសគោលដៅ សូម្បីតែតំបន់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងតំបន់បេតិកភណ្ឌ ដូចជាប្រាសាទព្រះវិហារ របស់កម្ពុជាជាដើម។

លោកស្រី ម៉ាលី សុជាតា នៅតែបន្តអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ដំណាលគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

លោកស្រី ក៏ទាមទារឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហក បោកប្រាស់ បំភ្លៃការពិត មិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញ តាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន ដោយមកគោរពបទឈប់បាញ់ និងអនុវត្តឡើងវិញនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីសន្តិភាព។ លោកស្រី សង្កត់ធ្ងន់ថា កងទ័ពថៃត្រូវបង្ហាញភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព​ និងសុឆន្ទៈ ដោយស្ដែងចេញតាមរយៈទង្វើដែលមានទំនួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាមរយៈវោហារសព្ទ ឬតាមភូតភរកុហកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង