រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា កម្លាំងនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុនកំពុងព្យាយាមបញ្ច្រាសទិសដៅនៃប្រវត្តិសាស្ត្រ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ បាននិយាយថា កម្លាំងនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុនកំពុងព្យាយាមបញ្ច្រាសទិសដៅនៃប្រវត្តិសាស្ត្រ ខណៈលោកក៏បានប្រាប់កូរ៉េខាងត្បូងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ រួមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយលើតៃវ៉ាន់។
ចុះផ្សាយដោយ NHK លោក វ៉ាង បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង គឺលោក Cho Hyun កាលពីថ្ងៃពុធទី៣១ធ្នូ ឆ្នាំ២០២៥។ កិច្ចពិភាក្សានេះដែរ បានធ្វើឡើងមុនកិច្ចប្រជុំកំពូលចិន-កូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅដើមខែមករា។
ក្រសួងការបរទេសទាំងពីរបាននិយាយថា ពួកគេយល់ព្រមធ្វើការរួមគ្នាសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung ទៅកាន់ប្រទេសចិន ដែលនឹងចាប់ផ្តើមកាលពីថ្ងៃអាទិត្យនេះ។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ លោកវ៉ាងបានកត់សម្គាល់ថា ទំនាក់ទំនងចិន-កូរ៉េខាងត្បូង បានលេចចេញពីចំណុចទាបមួយអស់រយៈកាលជាយូរណាស់មកហើយ ពេលនេះបានវិលត្រឡប់មករកផ្លូវត្រូវវិញជាមួយគ្នា។
ភាគីចិនបានដកស្រង់សម្តីរបស់លោក វ៉ាង ដែលរៀបរាប់ថា កម្លាំងនយោបាយមួយចំនួននៅក្នុងប្រទេសជប៉ុន បានដើរបញ្ច្រាសទិសដៅនៃប្រវត្តិសាស្ត្រ និងបិទបាំងឧក្រិដ្ឋកម្មឈ្លានពាន និងអាណានិគមនិយម។ លោកវ៉ាងជឿជាក់ថា កូរ៉េខាងត្បូងនឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ និងប្រជាជន ប្រកាន់យកជំហរត្រឹមត្រូវ និងការពារយុត្តិធម៌អន្តរជាតិ រួមទាំងការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយលើតៃវ៉ាន់។
មន្ត្រីកូរ៉េខាងត្បូងនិយាយថា លោក Cho និងលោកវ៉ាងបានបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ក្នុងការធានាស្ថិរភាព និងវិបុលភាពនៃតំបន់អាស៊ីឦសាន។ ប៉ុន្តែពួកគេមិនបានសំដៅទៅលើការអត្ថាធិប្បាយរបស់លោកវ៉ាងលើរង្វង់នយោបាយជប៉ុនទេ។
ដោយឡែក អ្នកវិភាគនិយាយថា ប្រទេសចិនបានរិះគន់ការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae នៅក្នុងសភាតំណាងរាស្ត្រទាក់ទងនឹងភាពអាសន្នដែលអាចកើតមាននៅតៃវ៉ាន់។ ដូច្នេះ ពួកគេសន្ធិដ្ធានថា ចិនកំពុងព្យាយាមជំរុញឲ្យកូរ៉េខាងត្បូងរក្សាជំហានជាមួយនឹងជំហររបស់ខ្លួនលើបញ្ហានេះ៕