លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកមានឆន្ទៈក្នុងការចរចាជាមួយអាមេរិកលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន
លោក នីកូឡាស់ ម៉ាឌូរ៉ូ បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកមានឆន្ទៈក្នុងការចរចាជាមួយអាមេរិកលើការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ខណៈពេលដែលលោកបានបដិសេធធ្វើអត្ថាធិប្បាយលើរបាយការណ៍ស្តីពីការវាយប្រហារដឹកនាំដោយភ្នាក់ងារ CIA នៅលើទឹកដីវ៉េណេស៊ុយអេឡា។
យោងតាម Newsweek នៅក្នុងកិច្ចសម្ភាសន៍ដែលបានថតទុក និងចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៦តាមទូរទស្សន៍រដ្ឋ ប្រធានាធិបតីវ៉េណេស៊ុយអេឡា បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់សម្ពាធយោធាដើម្បីស្វែងរកការផ្លាស់ប្តូររបប និងដើម្បីទទួលបានសិទ្ធិចូលប្រើប្រាស់ប្រភពប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា។
លោកម៉ាឌូរ៉ូ បានលើកឡើងថា «បើពួកគេចង់ពិភាក្សាដោយហ្មត់ចត់លើកិច្ចព្រមព្រៀងដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន យើងគឺបានត្រៀមខ្លួនរួចជាស្រេច» ដោយបន្ថែមថា វាដល់ពេលដែលភាគីទាំងពីរត្រូវ «ចាប់ផ្តើមពិភាក្សាគ្នាដោយយកចិត្តទុកដាក់»។
ការកត់សម្គាល់របស់លោកបានធ្វើឡើង ខណៈដែលរដ្ឋបាលលោកត្រាំ បានការពារយុទ្ធនាការវាយប្រហាររយៈពេលជាច្រើនខែលើគោលដៅដែលសង្ស័យថាជាកន្លែងរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់សមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកភាគខាងកើត ដែលខ្លួនពណ៌នាថាជា «ជម្លោះប្រដាប់អាវុធ» កម្ទេចបណ្តាញគ្រឿងញៀន។ យុទ្ធនាការយោធាអាមេរិកតាមដែនសមុទ្រក្បែរប្រទេសវ៉េណេស៊ុយអេឡា បានកើតឡើងចំនួន៣៥លើក និងមានមនុស្សយ៉ាងហោចណាស់១១៥នាក់ត្រូវបានសម្លាប់ គិតចាប់តាំងពីខែសីហាឆ្នាំ២០២៥មក។
ភ្នាក់ងារ CIA បានធ្វើការវាយប្រហារតាមរយៈដ្រូនកាលពីសប្តាហ៍មុន លើតំបន់ផែចតនាវារបស់វ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដោយក្រុមអ្នកជួញដូរគ្រឿងញៀន ដែលនេះគឺជាសកម្មភាពផ្ទាល់លើកដំបូងរបស់អាមេរិកលើទឹកដីវ៉េណេស៊ុយអេឡា ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើម។ នៅពេលត្រូវបានសួរអំពីរបាយការណ៍នេះ លោកម៉ាឌូរ៉ូ បានត្រឹមតែប្រាប់ថា លោកអាចនឹង«និយាយអំពីវា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត»។
លោកម៉ាឌូរ៉ូ ក៏បានលើកឡើងផងដែរថា វ៉េណេស៊ុយអេឡាបើកចំហចំពោះការវិនិយោគរបស់អាមេរិកក្នុងវិស័យប្រេងរបស់ខ្លួន ដោយបានលើកឡើងពីក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនខ្នាតយក្សតែមួយគត់របស់អាមេរិក ដែលកំពុងនាំចេញប្រេងឆៅរបស់វ៉េណេស៊ុយអេឡានាពេលបច្ចុប្បន្ន៕