អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការធ្វើបច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ជូនសាធារណជនឡើងវិញអំពីស្ថានការណ៍ដែលបាន និងកំពុងវិវត្តន៍ ព្រមទាំងការងារដែលភាគីទាំងពីរកម្ពុជា-ថៃ បានព្រមព្រៀងគ្នា ហើយត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខនាពេលនេះ ដោយឯកឧត្តមបានរម្លឹកពីខ្លឹមសារនៃសេចក្តីប្រកាសរួមនាកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ JBC រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់នៅត្រង់ចំណុចទី៣ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រៀមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វឱ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍ថា បញ្ហាខាងលើនេះភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឱ្យទៅគណៈកម្មាធិការចម្រុះព្រំដែនក្នុងការបន្តការអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ដោយភាគីទាំងពីរបានឯកភាពគ្នាថា នឹងប្រើប្រាស់នូវយន្តការដែលមានស្រាប់នៃគណៈកម្មាធិការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែង ចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីការជាន់មីន។ ឯកឧត្តមបានបន្តថា ភាគីទាំងពីរឯកភាពគ្នាទៀតថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតាមតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។ នេះគឺជាខ្លឹមសារដែលបានចែងនៅក្នុងសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយដែលភាគី ទាំងពីរកំពុងអនុវត្តតាម តាមរយៈបទឈប់បាញ់ដែលបានឯកភាពគ្នានាពេលនេះ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បើយើងងាកមកមើលពីជំហររបស់កម្ពុជាវិញ គឺកម្ពុជាប្រកាន់ជំហរដ៏ម៉ឺងម៉ាត់ក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលបានបន្សល់ទុឱ្យដោយគណៈកម្មាធិការព្រំដែន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការបោះបង្គោលព្រំដែន-សៀម ព្រមទាំងកិច្ចព្រមព្រៀង រួមនឹងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដោយឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ហើយចំពោះសកម្មភាពណាដែលប្រព្រឹត្តខុសពីការឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ត្រូវចាត់ទុកថាជាសកម្មភាពដែលខុសច្បាប់ និងរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់។ ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជូនជនរួមជាតិអំពីអ្វីដែលយើងបានឃើញនៅកន្លែងមួយចំនួនតាមព្រំដែន គឺមិនមែនជាការកំណត់ព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃនោះទេ សូមឱ្យបងប្អូនយើងច្បាស់នៅត្រង់កន្លែងនេះ និងសូមរង់ចាំក្រុមករងារប្រទេសទាំងពីរចុះវាស់វែងសិន នោះទើបយើងអាចកំណត់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិពិតប្រាកដរវាងប្រទេសទាំងពីរបាន។ ដូច្នេះសូមឱ្យបងប្អូនជនរួមជាតិយល់ត្រង់ចំណុចនេះ និងស្ងប់ចិត្តដោយរង់ចាំរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង