អ្នកស្រាវជ្រាវកម្ពុជាវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលនាំវៀតណាមទៅរកការរីកចម្រើនឥតឈប់ឈរ

ស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាមួយស្តីពី“គណបក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី” ជាសិក្ខាសាលាធ្វើឡើងនៅមុនសមាជជាតិលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងធ្វើនៅទីក្រុងហាណូយរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ អ្នកស្រាវជ្រាវកម្ពុជាមួយចំនួនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខានេះ ហើយបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការនាំប្រទេសវៀតណាមឈានទៅរកការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ និងបង្កើតឱ្យមានទំនាក់ទំនងកាន់តែល្អជាមួយកម្ពុជា។

លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានអះអាងឱ្យដឹងនៅក្នុងនៅក្នុងសិក្ខាសាលាស្តីពី“គណបក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី”ថា សមាជជាតិលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍបក្ស និងប្រទេសវៀតណាម ដែលមានសារៈសំខាន់ជាទីបំផុតសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់វៀតណាមក្នុងយុគសម័យថ្មី។ បើតាមលោក ង្វៀន មិញ វូ សមាជជាតិលើកទី១៤នេះ គឺជាចំណុចរបត់មួយដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ជាពិសេស នៅលើមាគ៌ានៃការអភិវឌ្ឍជាតិ។ វាជាឱកាសមួយសម្រាប់សមាជ ដើម្បីពិនិត្យ និងសង្ខេបរយៈពេល៤០ឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃដំណើរការយុទ្ធសាស្រ្តDoi Moi (ការជួសជុលឡើងវិញ)។ ក្នុងពេលជាមួយគ្នានេះ សមាជកុម្មុយនិស្តវៀតណាម នឹងពិនិត្យឡើងវិញនូវការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៣ សម្រេចចិត្តលើគោលដៅ ទិសដៅ និងភារកិច្ចសម្រាប់រយៈពេល៥ និង ១០ឆ្នាំខាងមុខ និងចក្ខុវិស័យរហូតដល់ឆ្នាំ២០៤៥ និងការកំណត់ថា វៀតណាមកំពុងចូលដល់យុគសម័យថ្មីមួយ យុគសម័យនៃវឌ្ឍនភាពជាតិ បន្ទាប់ពីយុគសម័យនៃការរំដោះជាតិ និងយុគសម័យ Doi Moi។

«សមាជជាតិលើកទី១៤ នៃបក្សកុម្មុយនីស្តវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៦ ត្រូវបាន និងជាពេល គេមើលឃើញថាជាចំណុចរបត់សំខាន់មួយក្នុងការកំណត់ទិសដៅអភិវឌ្ឍជាតិរបស់វៀតណាម វេលាដ៏សំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជិតខាង រួមទាំងកម្ពុជា»។ ចំណែកនេះ គឺជាការមើលឃើញរបស់លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត ស៊ឺន សំ ដែលជាវាគ្មិនមួយរូបនៅក្នុងកិច្ចពិភាក្សាស្តីពី “គណបក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី”បានមើលឃើញទៀតថា សមាជបក្សកុម្មុយនីស្តវៀតណាមនេះ នឹងបើកឱកាសថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកម្ពុជា ដោយផ្តោតជាសំខាន់លើកំណើនសេដ្ឋកិច្ចប្រកប​ដោយចីរភាព ការរួមបញ្ចូលតំបន់កាន់តែស៊ីជម្រៅ និងការឆ្លើយតបរួមចំពោះបញ្ហាប្រឈមសកលដូចជាការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងអន្តរជាតិ។

បើតាមលោកបណ្ឌិត ស៊ឺន សំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលកាន់តែជ្រៅជ្រះរវាងកម្ពុជា និងវៀតណាម នឹងនាំមកនូវផលប្រយោជន៍រួមដ៏ធំធេងសម្រាប់ប្រជាជនវៀតណាម និងកម្ពុជា ដោយជួយលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងបង្កើតឱ្យ មានសង្គមវិបុលភាព និងយុត្តិធម៌។ វានឹងជាគំរូនៃការសហការគ្នារវាងប្រទេសជិតខាងដែលមានប្រវត្តិសាស្ត្ររួម និងចក្ខុវិស័យអនាគតដូចគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ដែលមានសន្តិភាព ស្ថិរភាព និងវិបុលភាព។ ដោយមានការប្តេជ្ញាចិត្តពីថ្នាក់ដឹកនាំទាំងសងខាង និងការគាំទ្រពីគោលនយោបាយថ្មីនៅក្រោយសមាជ ទំនាក់ទំនងវៀតណាម-កម្ពុជា នឹងបន្តរីកចម្រើន និងក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការតំបន់ ក្នុងសតវត្សរ៍ទី២១។

ចំណែក លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារាជបណ្ឌិត្យសភាកម្ពុជាដែលជាវាគ្មិនមួយរូបដែរនៅក្នុងកិច្ចពិភាក្សាស្តីពី “គណបក្សកុម្មុយនិស្តវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី” លោកបានវាយតម្លៃខ្ពស់ចំពោះបក្សកុម្មុយនិស្តវៀតណាមក្នុងរុញឱ្យវៀតណាមការរីកចម្រើនឥតឈប់ឈរ និងមានទំនាក់ទំនងកាន់តែល្អជាមួយកម្ពុជា។ លោកបណ្ឌិតលើកឡើងថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៣០ បក្សកុម្មុយនិស្តវៀតណាម បានដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការកំណត់ជោគវាសនារបស់ប្រជាជាតិវៀតណាម។ បក្សបានដឹកនាំការតស៊ូដើម្បីឯករាជ្យជាតិ ការបង្រួបបង្រួមជាតិ និងការកសាងសង្គមនិយមក្រោមលក្ខខណ្ឌដ៏លំបាកបំផុត។ ការងើបចេញពីដំណាក់កាលដ៏លំបាកនេះ ភាពជាអ្នកដឹកនាំ និងសមត្ថភាពគ្រប់គ្រងរបស់បក្ស មិនត្រឹមតែជាមរតកប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាកត្តាដែលបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់នៃភាពជោគជ័យរបស់បដិវត្តន៍វៀតណាម។

លោកបណ្ឌិត គិន ភា បានកត់សម្គាល់ថា លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេស ដែលគួរឱ្យកត់សម្គាល់បំផុតរបស់បក្សកុម្មុយនិស្តវៀតណាម គឺសមត្ថភាពក្នុង «ការធ្វើកំណែទម្រង់ខ្លួនឯង និងការសម្របខ្លួន»។ បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈគោលនយោបាយកំណែទម្រង់ «ដូយមើយ» (Đổi Mới) នៅឆ្នាំ១៩៨៦ ដែលជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏ធំមួយ ដែលមិនត្រឹមតែផ្លាស់ប្តូរប្រព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកំណត់និយមន័យឡើងវិញនូវទស្សនវិជ្ជានៃការគ្រប់គ្រងរបស់បក្ស។ វៀតណាមបានប្រែក្លាយពីប្រទេសក្រីក្រដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម មកជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលមធ្យម និងប្រកបដោយជវភាព (Dynamic)។

បច្ចុប្បន្ននេះ វៀតណាមកំពុងឈានជើងចូលទៅក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មី ដែលថ្នាក់ដឹកនាំបក្សបានកំណត់និយមន័យថាជា «សករាជអភិវឌ្ឍន៍ថ្មី» ឬ «សករាជនៃការងើបឡើងនៃប្រជាជាតិ»។ សករាជនេះ ត្រូវបានដឹកនាំដោយមហិច្ឆតាជាតិដ៏ធំធេងចំនួនពីរ ពោល គឺចក្ខុវិស័យឆ្នាំ២០៣០ ក្នុងការប្រែក្លាយទៅជាប្រជាជាតិទំនើបដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងចីរភាព ដោយផ្អែកលើបរិវត្តិកម្មឌីជីថល (Digital Transformation) នវានុវត្តន៍ (Innovation) និងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ផែនការមេនេះ ផ្តោតការយកចិត្ត ទុកដាក់ខ្ពស់លើការបង្កើតច្រករបៀងសេដ្ឋកិច្ចពហុវិស័យ និងការបណ្ដុះស្រទាប់វណ្ណៈកណ្ដាលឱ្យកាន់តែមានសក្ដានុពល ក្នុងគោលដៅនាំយកសេដ្ឋកិច្ចវៀតណាមឱ្យឈានជើងចូលក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង៣០នៅលើសកលលោក ដែលនេះ គឺជាបុព្វបទ និងជាគ្រឹះដ៏រឹងមាំបំផុត ក្នុងការសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រទីពីរ គឺការឈានទៅសម្រេចបាននូវឋានៈជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

សម្រាប់លោកបណ្ឌិត គិន​ ភា ការវិវត្តរបស់បក្សកុម្មុយនិស្តវៀតណាមនេះ មិនត្រឹមតែជារឿងផ្ទៃក្នុងរបស់វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ វាក៏មានឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពក្នុងតំបន់ អាស៊ាន និងជាពិសេស គឺទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមផងដែរ។

និយាយដល់ទំនាក់ទំនងកម្ពុជា-វៀតណាម គេក៏ត្រូវលើកឡើងពីទំនាក់ទំនងរវាងគណបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។ លោក ថុង ម៉េងដាវិត អនុប្រធានមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន នៃសាកលវិទ្យាល័យ CamTech បានគូសរំលេចឱ្យដឹងថា ក្នុងប៉ុន្មានទសវត្សថ្មីៗនេះទំនាក់ទំនងរវាងគណបក្សទាំងពីរ បានវិវត្តទៅជាភាពជាដៃគូដែលមានភាពចាស់ទុំ និងគ្រប់កម្រិតចាប់តាំងពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ រហូតដល់កម្រិតស្ថាប័នផ្សេងៗ។ ការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការរវាងគណៈប្រតិភូជាន់ខ្ពស់នៃគណបក្សទាំងពីរជាទៀងទាត់ ការពិគ្រោះយោបល់ដែលមានលក្ខណៈយុទ្ធសាស្រ្ត និងឱ្យតម្លៃគ្នាទៅវិញទៅមក កម្មវិធីបណ្តុះបណ្តាលកម្មាភិបាល និងសមាជិកគណបក្ស និងការសន្ទនាគោលនយោបាយ បានធានាថាទំនាក់ទំនងរវាងបក្ស និងបក្ស នៅតែមានភាពស្វាហាប់ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ។ សកម្មភាពទាំងនេះ គឺហួសពីសញ្ញានិមិត្តរូប តែនេះ គឺជាយន្តការសម្រាប់ការរៀនសូត្រពីគោលនយោបាយ ការសម្របខ្លួនក្នុងអភិបាលកិច្ច និងការអភិវឌ្ឍភាពជាអ្នកដឹកនាំទាំងក្នុងក្របខណ្ឌគណបក្ស និងរដ្ឋ។

លោក ថុង ម៉េងដាវិត បានបញ្ជាក់ថា ភាពរឹងមាំ និងទំនាក់ទំនងល្អ និងជាយុទ្ធសាស្រ្តរវាងគណបក្សទាំងពីរបានជះឥទ្ធិពលផ្ទាល់នៃដល់ស្ថិរភាពនយោបាយ និងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកម្ពុជា និងវៀតណាម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហានេះពាក់ព័ន្ធជាពិសេសនៅពេលដែលបក្សកុម្មុយនីស្តវៀតណាមបានជំរុញចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម។ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានដកស្រង់បទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការកែទម្រង់សេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការកសាងសមត្ថភាពរបស់រដ្ឋ។ ស្របជាមួយគ្នានេះដែរ ទំនុកចិត្ត និងការជឿទុកចិត្តគ្នាផ្នែកនយោបាយរវាងគណបក្សទាំងពីរ បានប្រែក្លាយទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើសន្តិសុខ និងស្ថិរភាព។

ដោយឡែក លោក ហ៊ីម រស្មី នាយកប្រតិបត្តិមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់វិញ បានឱ្យជាយោបល់ខ្លះៗ ដើម្បីលើកកម្ពស់បន្ថែមទៀតនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ លោកថា ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីលើកកម្ពស់បន្ថែមទៀតនៃទំនាក់ទំនងកម្ពុជា និងវៀតណាម ប្រទេសទាំងពីរគួរបន្តពង្រឹង និងពង្រីកយន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗថ្នាក់តំបន់ និងអន្តរជាតិរវាង ប្រទេសទាំងពីរ។ ការសម្របសម្រួលនេះ គឺជាមានសារៈសំខាន់ដល់ទំនាក់ទំនងដល់ប្រទេសទាំងពីរ ព្រោះនេះគឺជាយន្តការដែលភាគីទាំងពីរផ្តល់ការបញ្ជាក់ដល់គ្នា(Assurance Mechanisms) អំពីសារៈសំខាន់នៃតម្រូវការនៃកិច្ចអភិវឌ្ឍជាតិរៀងៗខ្លួន សារៈសំខាន់ទំនាក់ទំនងរវាងគ្នានៃកម្ពុជា-វៀតណាម និងសារៈសំខាន់នៃការរក្សាលំនឹង រវាងកិច្ចការទាំងពីរ។

ប្រទេសទាំងពីរគួរបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបង្កើនចំនួន និងកម្រាស់នៃស្រទាប់នៃការពឹងផ្អែកលើគ្នា ទៅវិញទៅមក(Interdependence) រវាងប្រទេសទាំងពីរគ្រប់វិស័យ ជាពិសេស នយោបាយ សេដ្ឋកិច្ច សង្គម ព្រម ទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ កម្ពុជា-វៀតណាម គួរបន្តពង្រឹង និងពង្រីក ព្រមទាំងបង្កើតយន្តការចាំបាច់នានាក្នុងន័យពិភាក្សាដោះស្រាយបញ្ហាប្រឈមរួមនៃប្រទេស ទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការវាស់វែង និងកំណត់បង្គោលព្រំដែនដី និងសមុទ្រ។ ដោយកិច្ចការវាស់វែង និងកំណត់ព្រំដែន គឺជាកិច្ចការស្មុគស្មាញ និងទាមទារពេលវេលាយូរ ការបន្តពង្រឹង និងពង្រីក ព្រមទាំងបង្កើតយន្ត ការចាំបាច់នានារវាងប្រទេសទាំងពីរមានសារៈសំខាន់ ដើម្បីជាយន្តការគ្រប់គ្រងភាពតានតឹងកុំឱ្យក្លាយទៅជា ជម្លោះ ហើយដោះស្រាយចំណុចណាដែលអាចដោះស្រាយបាន ហើយចំណុចដែលមិនទាន់អាចដោះស្រាយបាន គឺបន្តដោះស្រាយដោយការជជែកគ្នាដោយសន្តិវិធី រហូតដល់ពេលវេលាសមស្របមួយដែលភាគីទាំងពីរអាចរក ចំណុចប្រសព្វមួយដែលសមស្របសម្រាប់ប្រទេសទាំងពីរ។

ក្នុងន័យនេះ ថ្វីបើកម្ពុជា និងវៀតណាមមានយន្តការថ្នាក់កំពូលៗ និងថ្នាក់ផ្លូវការជាច្រើន ដើម្បីលើកកម្ពស់ទំនាក់ ទំនងទ្វេភាគី កម្ពុជា និងវៀតណាមគួរតែបង្កើតក្រុមការងារចម្រុះសម្របសម្រួល និងផ្តល់យោបល់មួយ ដែលមានការចូលរួមយ៉ាងសំខាន់ពីមន្ត្រីជាន់ខ្ពស់ផ្នែកការបរទេស យោធា សន្តិសុខ និងសេដ្ឋកិច្ច។ ក្រុមការងារចម្រុះនេះ គួរជួបជជែកគ្នាទៀងទាត់ មានតួនាទីជាយន្តការពិភាក្សា និងសម្របសម្រួលវិស័យសំខាន់ៗនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ ថ្វីបើក្រុមការងារនេះ គឺជាក្រុមការងារផ្លូវការ តែវិធីក្នុងការជជែកគ្នា គួរតែធ្វើឡើងក្នុងលក្ខណៈបើកចំហ និងស្ថាបនាជាមួយគ្នា ដោយផ្តោតលើការស្វែងយល់ពីជំហរគ្នា ហើយការស្ទះស្វែងរកយុទ្ធសាស្ត្ររួម ក្នុងការការសម្របសម្រួលកិច្ចសហប្រតិបត្តិថ្នាក់តំបន់ និងអន្តរជាតិ ការពង្រីក និងពង្រឹង ការពឹងគ្នាទៅវិញទៅមក ព្រមទាំង ការពង្រីក ពង្រឹង និងការបង្កើតស្រទាប់យន្តការដោះស្រាយបញ្ហាប្រឈមរួម ដោយសន្តិវិធី។ ក្រោយពិភាក្សា ក្រុមការងារចម្រុះគួរផ្តល់យោបល់ និងអនុសាសន៍រួមជាទៀងទាត់ជូនដល់ថ្នាក់ ដឹកនាំកំពូលនៃប្រទេសពីរ។ នេះបើតាមលោក ហ៊ីម រស្មី៕

អត្ថបទដែលជាប់ទាក់ទង