លោក ប្រាក់ សុខុន៖ មន្ត្រីអាមេរិកនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីជួយពង្រឹងបទឈប់បាញ់កម្ពុជា-ថៃ
គណៈប្រតិភូសហរដ្ឋអាមេរិក នឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជានៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីជួយពង្រឹងបទឈប់បាញ់ដែលនៅមានភាពផុយស្រួយជាមួយប្រទេសថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានBloomberg នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមករា ឆ្នាំ២០២៦។
លោក ប្រាក់ សុខុន បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីជាន់ខ្ពស់ម្នាក់ពីក្រសួងការបរទេសអាមេរិក (State Department) នឹងដឹកនាំការចរចានេះ ខណៈដែលលោកបានចោទប្រកាន់កងកម្លាំងថៃថា នៅតែបន្តកាន់កាប់ទឹកដីកម្ពុជា និងបានបណ្តាលឱ្យប្រជាពលរដ្ឋជាង ២០០,០០០ នាក់ត្រូវផ្លាស់ទីលំនៅ។
លោក ប្រាក់ សុខុន បានថ្លែងថា៖ «នៅខាងយើង យើងប្តេជ្ញាចិត្តថែរក្សា និងរក្សាទុកបទឈប់បាញ់នេះ។ យើងអំពាវនាវឱ្យប្រទេសថៃមានការប្តេជ្ញាចិត្តដូចគ្នា»។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីកាលពីសប្តាហ៍មុន រវាងកម្ពុជា ថៃ និងចិន ដែលក្នុងនោះ ចិនបានបង្ហាញខ្លួនថាជាអ្នកសម្រុះសម្រួលអព្យាក្រឹត។ ក្នុងពេលជាមួយគ្នា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើប្រទេសទាំងពីរ ប្រសិនបើការប្រយុទ្ធនៅតែបន្ត។
ជម្លោះតាមព្រំដែននេះ បានក្លាយជាវេទិកាថ្មីមួយនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន នៅតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលមហាអំណាចទាំងពីរប៉ុនប៉ងមានតួនាទីក្នុងការសម្របសម្រួលសន្តិភាព។ លោក ប្រាក់ សុខុន បានសរសើរចិនថា មាន «តួនាទីសកម្មយ៉ាងខ្លាំង» ខណៈដែលវ៉ាស៊ីនតោនបានបន្ថយសារៈសំខាន់នៃឥទ្ធិពលរបស់ចិន។
អំពើហិង្សាកាលពីខែមុន បានរាលដាលទៅដល់ខេត្តចំនួន៦ នៅភាគឦសានប្រទេសថៃ និងខេត្តចំនួន៥ នៅភាគខាងជើងប្រទេសកម្ពុជា ទោះបីជាមានបទឈប់បាញ់កាលពីខែតុលា ដែលត្រូវបានលោក ត្រាំ សរសើរថាជាជំហានឈានមុខសំខាន់ក៏ដោយ។
ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជិត ៤៧០,០០០ នាក់ បានត្រឡប់ទៅផ្ទះវិញហើយ ចាប់តាំងពីមានបទឈប់បាញ់ ខណៈដែលនៅតែមានជាង ១៧៨,០០០ នាក់រស់នៅក្នុងជំរំ។ អាជ្ញាធរ បានរាយការណ៍ថា សេវាសាធារណៈនៅតាមខេត្តព្រំដែន កំពុងត្រូវបានស្តារឡើងវិញជាបន្តបន្ទាប់ ប៉ុន្តែស្ថាប័នមួយចំនួននៅតែបិទទ្វារ៕
