អាមេរិក​នឹងកាន់តែឯកោ ក្រោយដកខ្លួន​​​​ពីអង្គការ​អន្តរជាតិនានា ឯចិន​​នឹង​ទទួលផល​​​

ការ​បញ្ជា​ឲ្យ​​​ដក​​សហរដ្ឋអាមេរិក​​ចេញ​ពី​អង្គ​ការ​អន្តរ​ជាតិ​ចំនួន ៦៦ ​របស់​ប្រធានាធិបតី​​ លោក ដូណាល់ ត្រាំ បាន​បង្ហាញ​ថា យុទ្ធ​សាស្ត្រ​របស់​សហ​រដ្ឋ​អា​មេរិក​បាន​ផ្លាស់​ប្តូរ«​អាទិភាព»​របស់ខ្លួន​ ប៉ុន្តែ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ដឹក​នាំ​ជា​សកល​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ផង​ដែរ​។

រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​ លោក ដូណាល់ ​ត្រាំ​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៧ខែ​មករា ​ថា សហ​រដ្ឋ​អា​មេរិក​នឹង​ដក​ខ្លួន​ចេញ​​ពី​អង្គការ​អន្តរ​ជាតិ​ចំនួន៦៦ ដែល​តួនាទី​របស់ក្រុង​​វ៉ា​ស៊ីន​តោន ​ចំណែក​​កិច្ច​សហ​ប្រតិបត្តិ​ការ​ពិភពលោក​ក្នុង​វិស័យ​ជា​ច្រើនមាន​ការ​ធ្លាក់​ចុះ​។ ក្នុង​​នោះ មាន​​អង្គ​ការ និង​​​អង្គ​ភាព​​ចំនួន​៣១ ពាក់​ព័ន្ធ​​នឹង​​អង្គ​ការ​​សហ​ប្រជា​​ជាតិ។

ការ​ដក​ខ្លួន​ចេញ​របស់​សហរដ្ឋ​អាមេរិក​​នាពេលនេះ​​នឹង​ធ្វើឱ្យ​ប៉ះពាល់ដល់អ្នក​ធ្វើ​​ការ​លើ​​​ប្រែប្រួល​អាកាសធាតុ សិទ្ធិ​មនុស្ស សិទ្ធិស្រ្តី ក្រុម​អ្នក​ស្រឡាញ់​ភេទដូចគ្នា សុខភាព​សាធារណៈ និង​ប៉ះពាល់​ដល់​សន្តិសុខ​ពិភពលោក​ផង​ដែរ។

ទោះ​បី​ជា​​យ៉ាង​ណា សមាជិក​សភា​ប្រជាធិប​តេយ្យ​ជាន់ខ្ពស់នៃ​គណៈកម្មាធិការជ្រើសរើសសភា សម្រាប់ការប្រកួតប្រជែងជាយុទ្ធ​សាស្ត្រ​ រវាង​សហរដ្ឋអាមេរិក និងចិន​ លោក​ Raja Krishnamoorthi បាន​ព្រ​មាន​ថា​ ការ​ផ្លាស់​ប្តូរ​ចេញ​ពី​អង្គ​ការ​អន្តរ​ជាតិ​នានា​​ចំនួន៦៦ នឹងផ្តល់​អត្ថ​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ដៃ​របស់​ទី​ក្រុង​ប៉េ​កាំង​វិញ​ម្តង​។

លោក​បាន​សង្កត់​ធ្ងន់​​ថា ការ​ដក​ខ្លួន​ចេញរបស់​សហ​រដ្ឋ​អា​មេរិក​ គឺ​ធ្វើ​ឱ្យ​ចិន​អាច​ទទួល​ផល​ប្រយោជន៍ ព្រោះ​នេះ​ជា​មុខ​មាត់​ធំ​ សម្រាប់​ជួយ​ពិភព​លោក​ ពី​គ្រោះ​មហន្តរាយ ឬ​សន្តិសុខ​នានា។

លោក Krishnamoorthi បាន​បន្ត​​ថា៖ «នេះ​គឺ​ជា​ជំហាន​ដែល​​មិន​ល្អទេ ដែល​​សហ​រដ្ឋ​អា​មេរិកដក​ចេញ​ពី​អង្គការ​អន្តរជាតិ​ទាំង​នោះ​។ វា​នឹង​​ធ្វើ​ឱ្យ​ខូចខាត​ដល់​សន្តិសុខ សេដ្ឋកិច្ច និង​ជិះ​ឥទ្ធិពលមិន​​ល្អយ៉ាង​ច្រើន​​សកល​​លោក»​។

លោក​បាន​លើក​ឡើង​ថា​៖«ទង្វើ​នេះ​ធ្វើ​ឱ្យសហ​រដ្ឋ​អាមេរិក​បោះ​បង់​ចោល​យន្ត​ការ​ប្រឆាំង​ភេរ​វកម្ម​ ដែល​បាន​សម្រប​សម្រួល​ជួយ​ការ​ពារ​ក្រុម​ជ្រុល​និយម បោះ​បង់​ចោល​ភាព​ជា​ដៃ​គូ​ផ្នែក​សុខ​ភាព​សាធារណៈ ​ធ្វើឲ្យ​ជំងឺនានា​ក្នុង​ទីជនបទ​កើន​ឡើង​។ ពិសេស​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​ដែល​ជួយ​កាត់​បន្ថយ​ជម្លោះ និង​វិបត្តិ​មនុស្ស​ធម៌ នឹង​បន្តកើត​មាន​ឡើង​វិញ មុនពេលរឿងទាំង​អស់​​នេះ​រីករាល​ដាល​ដល់​សហ​រដ្ឋ​អាមេរិកផ្ទាល់​»​ ។

លោក Krishnamoorthi បាន​និយាយ​ថា៖ «ប្រសិន​បើ​ស្ថាប័ន​ចាំ​បាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់ ចម្លើយ​ត្រូវ​តែ​ជា​ភាព​ជា​អ្នក​ដឹក​នាំ​ និង​គណ​នេយ្យ​ភាព​ ​មិន​មែន​ជា​ការ​​ដក​ខ្លួន​ចេញ​​​នោះ​​ទេ។ ចំណែក​ការ​ធ្វើបែប​នេះ​​មក​លើ​ពិភព​លោក​ មិន​មែន​ជា​អាមេរិកជាអ្នក​ជួយ​សង្គ្រោះមនុស្ស​​​ទេ តែ​វា​ជាសេចក្តី​អាម៉ាស់​​ ដែល​យក​ពាក្យ​​ American First មក​ប្រើ​ ហើយ​វានឹង​ធ្វើ​​ឱ្យ​អាមេ​រិក​នៅឯកោ​មិនខាន​»៕

អត្ថបទដែលជាប់ទាក់ទង