ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពពលរដ្ឋកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានខិតខំលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុ និងបេសកកម្មមនុស្សធម៌ រួមទាំងកិច្ចការងារសង្គមនានា ជាពិសេសគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកថ្មី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥០០នាក់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានីបានបន្តថា សកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាពទេ ប៉ុន្តែនៅពេលដែលប្រទេសជាតិ និងប្រជាជនជួបនូវការលំបាក ឬត្រូវការ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងបានចូលចំណែក និងខ្នះខ្នែងជួយទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ដែលនេះ បានបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមគ្រូពេទ្យក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា ការរីកធំធាត់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមកនេះ ក៏អាស្រ័យទៅលើការយល់ច្បាស់ពីបុព្វហេតុរបស់ក្រុមការងារ ក្នុងការសម្រាលបន្ទុកប្រទេសជាតិ តាមរយៈការបំពេញតម្រូវការសុខាភិបាលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក៏ដូចជាក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បញ្ញា ស្មារតី និងពេលវេលា ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវក្នុងបេសកកម្មសង្គម មនុស្សធម៌ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន។

លោកបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន: ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានមន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបចំនួន ២,២៩៦ នាក់ បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ក្រៅពីសកម្មភាពចុះអប់រំ ថែទាំ ព្យាបាលសុខភាព មន្រ្តី បុគ្គលិក និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមយ៉ាងសកម្មជាមួយការងារសង្គមផ្សេងៗ ដែលរួមមានការចូលរួមសកម្មភាពក្នុងនាមជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា សកម្មភាពកាកបាទក្រហ មកម្ពុជា សកម្មភាពសប្បុរសធម៌ជួយនិស្សិតដែលខ្វះខាតលទ្ធភាពបន្តការសិក្សា ការងារបរិច្ចាគឈាម ការងារបរិស្ថាន កីឡា និងសិល្បៈ និងជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រលើកទឹកចិត្តកងទ័ពដែលកំពុងប្រចាំការការពារប្រទេស នៅសមរភូមិមុខ។

ក្នុងនាម ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល លោកបណ្ឌិត សាស្ត្រាចារ្យ សាផុន វឌ្ឍន:បានប្តជ្ញាថានឹងខិតខំព្យាយាមបន្តការងារផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋនៅតាម បណ្តាលមូលដ្ឋានផ្សេងៗនិងនៅតាមតំបន់ដាច់ស្រយាលតាមខ្នងផ្ទះឱ្យកាន់តែប្រសើរឡើងថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង