សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន (NPC) សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំមមី ខ្ញុំមានសេចក្តីសោមនស្សរីករាយ យ៉ាងខ្លាំង សូមសម្តែងនូវវន្ទនាការដ៏កក់ក្តៅ និងសូមជូនសព្ទសាធុការពរជូន ឯកឧត្តម និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិនទាំងអស់។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឆ្នាំថ្មីនេះ នឹងផ្តល់ឱ្យយើងនូវកម្លាំងជំរុញចំបងដល់មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលនាំមកនូវប្រយោជន៍ជាក់ស្តែងបន្ថែមទៀតសម្រាប់ប្រជាជន និងប្រទេស ជាតិយើងទាំងពីរ។
ជាថ្មីម្តងទៀត សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងសូមជូនពរឯកឧត្តម និងសហការី ទទួលបានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យនូវរាល់កិច្ចខំប្រឹងប្រែងរបស់ ឯកឧត្តម និងសហការី»៕
