មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បើកមហាសន្និបាតបក្សលើកទី៩ ដោយលើកឡើងពីសមិទ្ធផលសេដ្ឋកិច្ច

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់បានជម្នះវិបត្តិសេដ្ឋកិច្ច និងសម្រេចបានដោយជោគជ័យនូវគោលដៅសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ខណៈរូបលោកបើកមហាសន្និបាតបក្សលើកទី៩។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។

មហាសន្និបាតគណបក្សពលករកូរ៉េខាងជើងដែលបានបើកធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ គឺជាព្រឹត្តិការណ៍នយោបាយធំបំផុតដែលរៀបចំឡើងធ្វើឡើងជារៀងរាល់ ៥ឆ្នាំម្ដង ដើម្បីត្រួតពិនិត្យលើការងារ និងកំណត់គោលដៅថ្មីៗ។ ក្នុងសុន្ទរកថាបើកមហាសន្និបាត លោក គីម ជុងអ៊ុន បានលើកឡើងថាកូរ៉េខាងជើងសម្រេចបានជោគជ័យធំៗជាច្រើន ក្នុងពេល ៥ឆ្នាំកន្លងមកនេះនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ វប្បធម៌ ការទូត និងការពឹងផ្អែកលើខ្លួនឯង។

ដោយឡែក ពាក់ព័ន្ធនឹងពិភពលោកខាងក្រៅ លោក គីម បាននិយាយថាកូរ៉េខាងជើងសម្រេចបានការផ្លាស់ប្ដូរដ៏ធំក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសដទៃ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយសកល។ ប៉ុន្តែ លោក គីម មិនបានលើកឡើងពីទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ឬក៏ជាមួយសហរដ្ឋអាមេរិកនោះទេ នៅក្នុងសុន្ទរកថារបស់លោក ហើយក៏មិនបានលើកឡើងពីកិច្ចប្រឹងប្រឹងនៃប្រទេសរបស់លោកក្នុងការអភិវឌ្ឍឃ្លាំងស្ដុកអាវុធនុយក្លេអ៊ែរនោះដែរ។

តាម KCNA នៅឯកិច្ចប្រជុំដែលមានសមាជិកគណបក្សពលករ ៥០០០នាក់ចូលរួម គោលដៅថ្មីៗ និងផែនការលើវិស័យជាច្រើនសម្រាប់រយៈពេល៥ឆ្នាំខាងមុខ ត្រូវបានដាក់ជូនរួចរាល់ហើយ៕

អត្ថបទដែលជាប់ទាក់ទង