ផ្ទះថ្មីដ៏រឹងមាំ ចំនួន២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសប្បុរសជន ត្រូវបានប្រគល់ជូនគ្រួសារវីរយុទ្ធជនជួបការលំបាក ក្នុងស្រុកបាកាន

(ពោធិ៍សាត់)៖ ផ្ទះថ្មីដ៏រឹងមាំ ចំនួន២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសប្បុរសជនក្នុងស្រុក ត្រូវបានប្រគល់ជូនគ្រួសារវីរយុទ្ធជនគឺ៖ លោកអនុសេនីយ៍ឯក យឹម សុភាព និងនាយចំណង់ ចាន់ សុខណា ប្រចាំទិសថ្មដា ដែលជួបការលំបាក មានទីលំនៅក្នុងភូមិពិតត្រង់ និងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ពិធីប្រគល់-ទទួលផ្ទះខាងលើ ត្រូវបានធ្វើឡើង នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោកអភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ សប្បុរសជន និងប្រជាពលរដ្ឋមួយចំនួនទៀត។

លោក ខូយ រីដា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកមានសេចក្តីសោមនស្សរីករាយ និងរំភើបឥតឧបមា ដែលបានមកចូលរួមក្នុងពិធីប្រគល់ផ្ទះថ្មីដ៏រឹងមាំ ជូនដល់គ្រួសារវីរយុទ្ធជនរបស់យើងទាំង២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈសប្បុរសជនក្នុងស្រុកនាពេលនេះ។

ជាការពិតណាស់ ផ្ទះដែលត្រូវកំពុងប្រគល់ជូននេះ មិនមែនគ្រាន់តែជាសំណង់ឥដ្ឋ និងដំបូលស័ង្កសីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃ “ស្មារតីសាមគ្គីភាព និងការដឹងគុណ”។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងវីរយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ លោកទាំងពីរមិនដែលទុកឱ្យបងប្អូនណាម្នាក់នៅឯកោ ឬជួបការលំបាកដោយគ្មានការមើលថែនោះឡើយ។

លោកបានលើកឡើងថា ក្នុងខណៈដែលយើងកំពុងប្រគល់ផ្ទះជូនវីរយុទ្ធជន យើងក៏មានមោទនភាពយ៉ាងខ្លាំងដែលឃើញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងមានវត្តមាននៅលើឆាកអន្តរជាតិ ក្នុងកិច្ចប្រជុំដំបូងក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាមេរិក។ សម្តេចបាននាំយកនូវ សំឡេងសន្តិភាព របស់កម្ពុជាទៅកាន់ពិភពលោក និងបង្ហាញឱ្យឃើញថា កម្ពុជាដែលធ្លាប់តែញាំញីដោយសង្គ្រាម ឥឡូវនេះបានក្លាយជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិភាពពិភពលោក។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក លោកស្រី ជាសប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងផ្ទះនេះឡើង។ នេះគឺជាកាយវិការសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ដែលឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែករបស់ខ្មែរយើង ក្រោមពាក្យស្លោក “ខ្មែរជួយខ្មែរ”។

លោក ខូយ រីដា សូមផ្តាំផ្ញើដល់បងប្អូនវីរយុទ្ធជន ដែលទទួលបានផ្ទះថ្មីទាំង២គ្រួសារ សូមថែរក្សាផ្ទះនេះឱ្យបានល្អ ដើម្បីជាជម្រកដ៏កក់ក្តៅដល់កូនចៅតទៅមុខ, ត្រូវបន្តខិតខំបង្កបង្កើនផល និងរស់នៅដោយមានអនាម័យ ដើម្បីសុខភាពមាំមួន និងបន្តចូលរួមជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

លោកបានគូសបញ្ជាក់ថា សន្តិភាពដែលយើងមានសព្វថ្ងៃ បានមកពីការលះបង់របស់វីរយុទ្ធជនយើង។ ដូច្នេះការផ្តល់ផ្ទះជូនពួកគាត់ គឺជាកិច្ចតបស្នងដ៏តូចតាចមួយធៀបនឹងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន។ រដ្ឋបាលខេត្តនឹងបន្តសហការជាមួយសប្បុរសជន និងសមាគមអតីតយុទ្ធជន ដើម្បីស្វែងរកបងប្អូនដែលនៅខ្វះខាត និងផ្តល់ជំនួយជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង