សកម្មជន និងភ្នាក់ងារសង្កេតការណ៍គាំទ្រគណបក្សភ្លើងទៀន៥៩រូប នៅស្រុកភ្នំស្រួច គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន រួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះទទួលសកម្មជន និងភ្នាក់ងារសង្កេតការណ៍ គាំទ្រគណបក្សភ្លើងទៀន ដែលបានសម្រុកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ជាក់ស្តែង នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្ដេចតេជោ និងជាក្រុមការងារស្នូល របស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល បានដឹកនាំក្រុមការងារចលនាកសាង សមាជិកបក្សមូលដ្ឋានខេត្តកំពង់ស្ពឺ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារ ចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត បានចុះទទួលបេក្ខជន ភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនសរុបចំនួន៥៩រូប មកពីឃុំមហាសាំង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ+។

ភ្នាក់ងារសង្កេតការណ៍ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀនទាំងនេះ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារ ចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិ ដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរ និងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។

ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លិចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ដោយយើងខ្ញុំទាំងអស់គ្នា សូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុត នូវវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិត ធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក-លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ ដោយឥតសង្ស័យថា គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូន ដែលបានចាកចេញពីគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបងប្អូន ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ការចេះទទួលសកម្មជន ភ្នាក់ងារសង្កេតការណ៍នៅពេលនេះ មិនមែនជាលើកទី១ទេ សម្រាប់ខេត្តកំពង់ស្ពឺ ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ ភ្លូកទឹក ភ្លូកដី ពីប្រជាពលរដ្ឋរបស់យើង។

ទាំងនេះ គឺដោយសារការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក ទី ប៊ុនថេង បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លានពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង