មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ ចុះដកស្រង់បទពិសោធន៍ពីភាពជោគជ័យ និងសម្រស់ធម្មជាតិដ៏មហាសាល នៃតំបន់មេគង្គលើក្នុងខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទេសចរណ៍សហគមន៍ឲ្យមាននិរន្តរភាព, លោកបណ្ឌិត ជុក ជំនោរ អគ្គនាយក និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ នៃក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូអង្គការដៃគូ និងតំណាងសហគមន៍សំខាន់ៗជុំវិញបឹងទន្លេសាប ចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់មេគង្គលើ ក្នុងខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២១ ដល់ ២២ ខែកុម្ភៈ ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ បាននាំយកតំណាងសហគមន៍ផាត់សណ្តាយ បឹងពារាំង និងចុងឃ្នាស មកស្វែងយល់ផ្ទាល់ពីគំរូជោគជ័យនៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និងសហគមន៍បូរីអូរស្វាយ។ លោកបណ្ឌិត ជុក ជំនោរ បានបញ្ជាក់ថា សហគមន៍សម្រស់កោះហាន គឺជា «សហគមន៍ឆ្នើម» ដែលមានការរៀបចំយ៉ាងមានរបៀបរៀបរយ និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងខេត្តស្ទឹងត្រែង ដែលសហគមន៍ដទៃគួរដកស្រង់ បទពិសោធន៍យកទៅអនុវត្តតាម។
សម្រស់ធម្មជាតិដ៏វិសេសវិសាលនៃ «សម្រស់កោះហាន» គឺជាចំណុចស្នូលដែលទាក់ទាញភ្នែកគណៈប្រតិភូគ្រប់រូប។ ទីនេះប្រៀបដូចជាឋានសួគ៌លាក់ខ្លួនកណ្ដាលដងទន្លេមេគង្គលើ ដែលសម្បូរទៅដោយព្រៃលិចទឹកដ៏អស្ចារ្យ មានដើមរាំង និងដើមជ្រៃដុះតម្រៀបគ្នាជារាងប្លែកៗលើផ្ទៃទឹកថ្លាឈ្វង់។
នៅរដូវទឹកស្រក ភ្ញៀវទេសចរអាចគយគន់ ឆ្នេរខ្សាច់សក្បុសកណ្ដាលទន្លេ បោះតង់សម្រាកកាយ ជិះទូកកាយ៉ាក់កាត់តាមព្រៃលិចទឹក និងទស្សនាថ្ងៃលិចដ៏ស្រស់ត្រកាលដែលជះពន្លឺពណ៌មាស កាត់ផ្ទៃទឹកទន្លេមេគង្គយ៉ាងរ៉ូមែនទិក។
លោកស្រី ប៊ុន សុំផាន ប្រធានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានបង្ហាញនូវក្តីរំភើប និងភាពកក់ក្តៅចំពោះការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។
លោកស្រីបានបញ្ជាក់ថា «ភាពរីកចម្រើន និងភាពល្បីល្បាញរបស់សហគមន៍នាពេលបច្ចុប្បន្ន គឺកើតចេញពីការជ្រោមជ្រែងយ៉ាងសកម្មពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង និងអង្គការដៃគូនានា»។ លោកស្រីប្តេជ្ញានឹងបន្តពង្រឹង បដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនកុះករ៕
