សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយជូនគ្រួសារកូនភ្លោះ៣ គ្រួសារទី៤៣៤
(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តផ្តល់អំណោយជូនគ្រួសារទទួលបានកូនភ្លោះ៣ ដែលជាគ្រួសារទី៤៣៤។
អំណោយរួមមានថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ អំណោយដ៏សម្បុរសនេះ ត្រូវបានលោក សេង ទៀង និងភរិយា នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារទទួលបានកូនភ្លោះបី នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ទារិកាភ្លោះទាំងបីដែលទទួលអំណោយឧបត្ថម្ភរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាកូនលើកដំបូងក្នុងគ្រួសារ មានឪពុកឈ្មោះ ភាត ជ្រឹង អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ម្តាយឈ្មោះ វ៉េន តុងអី អាយុ ២៦ឆ្នាំ មុខរបរមេផ្ទះ និងជាជនពិការ រស់នៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទារិកាភ្លោះទាំងបីនាក់នេះ ប្រសូតនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
នៅចំពោះមុខក្រុមគ្រួពេទ្យ លោកនាយករង មានប្រសាសន៍ថ្លែងអំណរគុណក្រុមគ្រូពេទ្យទាំងអស់ នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដែលបានខិតខំអស់លទ្ធភាព ក្នុងការជួយសំរាលទារិកាភ្លោះទាំងបីនាក់នេះ រួមទាំងមាតា ដោយសុវត្ថិភាព និងមានសុខភាពល្អប្រសើរ។
ក្នុងឱកាសនោះ លោក សេង ទៀង បានផ្តាំផ្ញើដល់ក្រុមគ្រួពេទ្យបន្តខិតខំតាមដានសុខភាពមាតា និងទារិកា ឱ្យបានជាប់លាប់។ លោក សេង ទៀង ក៏បានផ្តាំផ្ញើដល់ឪពុកម្តាយទារិកាភ្លោះ ត្រូវស្តាប់តាមការណែនាំពីក្រុមគ្រួពេទ្យ បើមានបញ្ហាអ្វីកើតឡើង និងមានអាការៈអ្វីមិនស្រួលត្រូវរាយការណ៍ជូនគ្រួពេទ្យប្រចាំការ ជៀសវាងមានគ្រោះថ្នាក់អ្វីមួយកើតឡើងចំពោះមាតា និងទារិកា។
នៅចំពោះមុខគ្រួសារកូនភ្លោះបី និងក្រុមគ្រូពេទ្យ លោក សេង ទៀង បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់។
លោកនាយករង បានឱ្យដឹងផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលរយៈពេលជាង ២៧ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន៤៣៤គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេច នៅពេលឆ្លងទន្លេរួច។
លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគូរខ្ពស់របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានប្រសូតកូនភ្លោះបី ឬបួននាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែសម្រាលនៅកម្ពុជា។
លោកនាយករង ក៏បានលើកឡើងផងដែរថា ដោយក្តីអាណិតស្រឡាញ់ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានជួយឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដើម្បីជួយសម្រាលដល់ការលំបាករបស់គ្រួសារទទួលបានកូនភ្លោះបីនាក់ និងគឺជាគ្រួសារលើកទី១០ ដែលទទួលបានថវិកាឧបត្ថម្ភពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត៕