រដ្ឋមន្ត្រី ហួត ហាក់ ចាត់ទុកជំនួបជាមួយសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ជាដៃគូររវាងរដ្ឋ និងឯកជនយ៉ាងរឹងមាំ លើការពង្រឹងសហប្រតិបត្តិការវិស័យទេសចរណ៍
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ដែលដឹកនាំដោយ លោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគម ព្រមទាំងរួមគ្នាស្វែងរកវិធានការគន្លឹះ ដើម្បីបន្តរក្សាភាពធន់ និងជំរុញសន្ទុះនៃវិស័យទេសរចណ៍ សំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីអនុប្រធាន សមាជិក សមាជិកាសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជាសរុប ៤៥រូប នៅសាលប្រជុំធំ ទីស្តីការក្រសួងទេសចរណ៍។
ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណចំពោះសមាគមដឹកអ្នកដំណើរ និងភស្តុភារកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកផ្សព្វផ្សាយផង និងជាអ្នកនាំយកទេសចរពីតំបន់មួយទៅតំបន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា និងពីបណ្តាប្រទេសជាប់ព្រំដែនចូលមកកម្ពុជាផងដែរ ជាពិសេសតែងតែចូលរួមជាមួយក្រសួងទេសចរណ៍គ្រប់ពេលវេលា ទាំងពេលសុខដុម និងគ្រាលំបាក ដែលមហាគ្រួសារវិស័យទេសចរណ៍បានឆ្លងកាត់រយៈពេលជាងមួយឆ្នាំនេះជាមួយគ្នា។
ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រធានសមាគម បានស្នើក្រសួងទេសចរណ៍ជួយជំរុញឱ្យប្រតិបត្តិករទេសចរណ៍ប្រើប្រាស់ការដឹកជញ្ជូនរបស់សមាគម ព្រមទាំងបញ្ចូលការលក់សំបុត្ររបស់សមាគមទៅក្នុង App ទេសចរណ៍ផងដែរ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងសម្របសម្រួលជាមួយសមាគមន៍ទេសចរណ៍កម្ពុជា សមាគមសណ្ឋាគារ និងសមាគមឧស្សាហកម្មទេសចរណ៍ដទៃទៀត ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយសមាគមដឹកជញ្ជូន និងភស្តុភារកម្ពុជា។ ជាមួយគ្នានេះ លោកបានជម្រាបថា ក្រសួងទេសចរណ៍គ្រោងនឹងដាក់ឱ្យដំណើរការគេហទំព័រ Visit Cambodia និង Super App របស់ព្រះរាជាណាចក្រកម្ពុជាឆាប់ៗនេះ។
បន្ថែមលើនេះ រដ្ឋមន្រ្តី ហួត ហាក់ បានផ្តល់អនុសាសន៍ជូនសមាគមគួរពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកភាព ព្រមទាំងរៀបចំជាផែនការសកម្មភាព ដោយអាចបន្សីគ្នាជាមួយផែនការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ដើម្បីក្លាយជាតម្លៃបន្ថែមដល់វិស័យទេសចរណ៍កម្ពុជាទាំងមូល។ ជាពិសេសលោក ក៏បានគូសរំលេចបន្ថែមអំពី ការចូលរួមយុទ្ធនាការផ្សផ្សព្វផ្សាយពីកម្ពុជា ឱ្យបានសកម្មផុលផុស តាមរយៈការចាក់ស្ពតផ្សព្វផ្សាយក្នុងរថយន្តក្រុង និងការរៀបចំដាក់បណ្ណផ្នត់ ឬឯកសារផ្សព្វផ្សាយផ្សេងៗសម្រាប់ដាក់ក្នុងរថយន្តក្រុងទាំងដឹកជញ្ជូនក្នុងស្រុក និងឆ្លងកាត់ព្រំដែនជាដើម៕
