ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តយុវជនឱ្យក្លាយជាអ្នកផលិតមាតិកាវប្បធម៌ និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តយុវជនឱ្យក្លាយជាអ្នកផលិតមាតិកាវប្បធម៌ ជាសិល្បករឌីជីថល និងជាអ្នកផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌ខ្មែរនៅលើឆាកជាតិ និងអន្តរជាតិ។ លោកបានបញ្ជាក់ថា «យើងគួរជំរុញឱ្យ “ពលរដ្ឋម្នាក់ ជាមគ្គុទ្ទេសក៍វប្បធម៌ជាតិម្នាក់!”»

នេះជាការលើកទឹកចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេសលើកទី៧ នៅសាលសន្និសីទចតុម្មុខ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យជំរុញការប្រើប្រាស់ឌីជីថល ជាជំនួយដល់វិស័យសិល្បៈផងដែរ ព្រោះថាឌីជីថលូបនីយកម្មក្នុងវិស័យសិល្បៈវប្បធម៌ មិនត្រឹមតែជួយដល់ពិពិធកម្មផលិតផល និងសេវាកម្មទេសចរណ៍ បង្កើនភាពទាក់ទាញដល់ការទស្សនា សិក្សាស្វែងយល់របស់ភ្ញៀវប៉ុណ្ណោះទេ តែថែមទាំងអាចផ្សព្វផ្សាយពីវប្បធម៌ខ្មែរយើងទៅកាន់ពិភពលោកបានយ៉ាងទូលំទូលាយនិងឆាប់រហ័ស និងជួយដល់ការអភិរក្ស ថែរក្សាកេរដំណែលដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្ស យូរអង្វែង សម្រាប់ជំនាន់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយថែមទៀតផង។

ទន្ទឹមនេះ លោកបានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញនូវការប៉ុនប៉ងយកមរតកវប្បធម៌របស់ជាតិយើងទៅបកស្រាយខុសពីប្រភពដើម។ វប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលជួយបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ទឹកដីយ៉ាងពិតប្រាកដ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលមានការរំលោភបំពានលើបូរណភាពទឹកដី និងការប៉ុនប៉ងឆ្លៀតឱកាសលួចបន្លំអត្តសញ្ញាណជាតិខ្មែរពីសំណាក់ប្រទេសជិតខាង។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរយើង ឱ្យបានគង់វង្ស យូរអង្វែង ដោយយើងត្រូវមានភាពច្បាស់លាស់អំពីអត្តសញ្ញាណជាតិ ហើយយើងពិតជាមានភាពចាំបាច់ក្នុងការពង្រឹងស្មារតីជាតិ តាមរយៈការលើកស្ទួយវប្បធម៌។

ទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សម្បូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

នាឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងថា ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើងត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក្នុងនាមជាតំណាងគណៈកម្មាធិការអន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីទាំងអស់ បានលើកឡើងថា ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ លោកស្រីបានបន្ថែមថា ឆ្នាំនេះជាលើកទី២៨ ហើយ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៧ នៃការរៀបចំពិធីជួបជុំរវាងសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិករួម និងអ្នកបម្រើក្នុងវិស័យវប្បធម៌និងសិល្បៈ តាមរយៈគំនិតផ្តួចផ្តើមរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា។

លោកស្រី បានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលយើងបានបន្តអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍ (១១ឆ្នាំ) នេះពិតជាមានសារៈសំខាន់ខ្លាំងឡើងៗ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ ជាការពិតណាស់ សព្វថ្ងៃយុវជន យើងកំពុងប្រឈមមុខនឹងឥទ្ធិពលដ៏ខ្លាំងក្លានៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈបច្ចេកវិទ្យាឌីជីថល។ យើងត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាននិងផលអវិជ្ជមាន។ ខណៈដែលយុវជនអាចរៀនសូត្រពីពិភពលោកបានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុង ជះឥទ្ធិពលលើអត្តសញ្ញាណជាតិរបស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង