ស៉ីរី បញ្ជូនកងទ័ពជាច្រើនទៅកាន់ព្រំដែនរបស់ខ្លួន ជាមួយលីបង់

(ដាម៉ាស)៖ ប្រទេសស៉ីរី ​បានប្រកាសពីការពង្រឹងព្រំដែនជាមួយលីបង់ ហើយបើតាមប្រភពពីក្រុមមន្រ្តីយោធា និងមន្រ្តីសន្តិសុខស៉ីរី និងលីបង់ ការពង្រឹងនេះរួមបញ្ចូលទាំងអង្គភាពរ៉ុក្កែត និងដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ខណៈដែលតំបន់កំពុងរាលដាលដោយជម្លោះ រួមទាំងរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ ២០២៦។

ក្រសួងការពារជាតិស៉ីរី បានឱ្យដឹងថា កងទ័ពចល័តទៅបណ្តោយព្រំដែនជាមួយលីបង់ និងអ៉ីរ៉ាក់ មកពីកងវរសេនាធំការពារព្រំដែន និងកងវរសេនាធំឈ្លបយកការណ៍ ដោយមានភារកិច្ចត្រួតពិនិត្យសកម្មភាពតាមព្រំដែន និងប្រយុទ្ធប្រឆាំងការរត់ពន្ធ។ មន្រ្តីស៉ីរីម្នាក់និយាយថា កម្លាំង​ជំនួយ​រួមមាន​អង្គភាព​ថ្មើរជើង រថពាសដែក និង​ជើងទម្របាញ់​រ៉ុក្កែត​រយៈចម្ងាយ​ខ្លី Grad និង Katyusha។

គួរបញ្ជាក់ថា ស៉ីរីមានកងទ័ពឈរជើងនៅលីបង់ ចាប់ពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ២០០៥ រួមទាំងអំឡុងពេលនៃសង្គ្រាមស៉ីវិលលីបង់ ដែលបញ្ចប់ទៅនៅឆ្នាំ ១៩៩០។ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារគោលដៅនានានៅអ៉ីរ៉ង់ ហេសបូឡាដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ ក៏បានបើកការវាយប្រហារឡើងវិញទៅលើអ៉ីស្រាអែល ជាងមួយឆ្នាំក្រោយឈានដល់បទឈប់បាញ់។ ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ បាននិងកំពុងធ្វើឡើងលើមូលដ្ឋានយោធាអាមេរិកនៅបណ្តាប្រទេសអារ៉ាប់៕

អត្ថបទដែលជាប់ទាក់ទង