កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនអ្នកចែកចាយបារីអេឡិចត្រូនិចម្នាក់ ដែលលក់ចល័តដូចអ្នកដឹកទំនិញអនឡាញ
(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី (បារីអេឡិចត្រូនិច) នៅចំណុចផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ សមត្ថកិច្ចក៏បានបន្តទៅឆែកនៅបន្ទប់ដែលជនសង្ស័យស្នាក់នៅចំណុច ផ្ទះលេខ៣៥ ផ្លូវ១៥០កែង២២១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ អាវុធហត្ថបានចាប់យកវត្ថុតាង បារីអេឡិចត្រូនិចចំនួន៩១ប្រអប់ និងនាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕
