អូស្រ្តាលី និងកាណាដា ចុះហត្ថលេខាលើការអនុវត្តកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ

(ស៉ីដនី)៖ អូស្រ្តាលី និងកាណាដា នៅព្រហស្បតិ៍ ទី៥ ខែមីនា បានប្រកាសកិច្ចព្រមព្រៀងថ្មីមួយស្តីពីរ៉ែសំខាន់ៗ ខណៈដែលលោកនាយករដ្ឋមន្រ្តីកាណាដា Mark Carney បានថ្លែងសុន្ទរកថាទៅកាន់សភាអូស្រ្តាលី អំឡុងពេលបំពេញទស្សកិច្ចនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់សភាអូស្ត្រាលីជាលើកដំបូង ដោយមេដឹកនាំកាណាដាម្នាក់ គិតចាប់តាំងពីឆ្នាំ ២០០៧ លោក Carney គូសបញ្ជាក់ថា «នៅក្នុងពិភពនៃការប្រកួតប្រជែងអំណាចដ៏មហិមា មហាអំណាចកណ្តាលមានជម្រើសមួយ នោះគឺប្រកួតប្រជែងដោយពេញចិត្ត ⁠ឬត្រូវរួបរួមកម្លាំងគ្នា»។ រីឯនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា «អូស្ត្រាលី និងកាណាដា គឺជាមហាអំណាចកណ្តាល នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ»

លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានថា អូស្ត្រាលីនឹងចូលរួមក្នុងសម្ព័ន្ធភាពផលិតកម្មរ៉ែសំខាន់ៗ G7 ផ្តួចផ្តើមដោយកាណាដា ដោយបន្ថែមថា ប្រទេសទាំងពីរព្រមព្រៀងគ្នា អនុវត្តតាមសេចក្តីប្រកាសរួមស្តីពីរ៉ែសំខាន់ៗ ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។ សម្ព័ន្ធភាពផលិតកម្មរ៉ែសំខាន់ៗ G7 គឺជាគំនិតផ្តួចផ្តើមដឹកនាំដោយកាណាដា ដើម្បីធ្វើពិពិធកម្ម និងធានាការផលិត និងការផ្គត់ផ្គង់រ៉ែសំខាន់ៗជាសកល។

គួរបញ្ជាក់ថា កាណាដា និងអូស្ត្រាលី រួមគ្នាផលិតបានប្រហែល ១ភាគ ៣នៃលីចូម និងអ៊ុយរ៉ាញ៉ូមសកល ព្រមទាំងជាង ៤០ភាគរយនៃរ៉ែដែកសកល៕

អត្ថបទដែលជាប់ទាក់ទង