សហរដ្ឋអាមេរិក កំពុងពិចារណាលក់ប្រេង ពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់ខ្លួន
(Colorado)៖ រដ្ឋមន្រ្តីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ថាសហរដ្ឋអាមេរិកកំពុងពិចារណាសម្របសម្រួល លើការលក់ប្រេងពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយការចេញផ្សាយតម្លៃប្រេងពីប្រទេសផ្សេងៗ ខណៈដែលប្រេងមានតម្លៃខ្ពស់អំឡុងពេលនៃសង្គ្រាមលើអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Wright បានប្រាប់អ្នកយកព័ត៌មាន នៅឯរោងចក្រឧស្ម័នធម្មជាតិ ក្នុងរដ្ឋ Colorado យ៉ាងដូច្នេះថា «យើងកំពុងនិយាយ អំពីការបញ្ចេញទុនបម្រុងប្រេងយុទ្ធសាស្រ្ត។ ទុនបម្រុងប្រេងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលទុកនៅឆ្នេរសមុទ្រ Texas និង Louisiana មានផ្ទុកប្រេង ៤១៥លានបារ៉ែល គឺច្រើនជាងអ្វីដែលពិភពលោកទាំងមូល កំពុងប្រើប្រាស់ក្នុងរយៈពេល ៤ថ្ងៃ»។
លោក Wright ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកមាន «ជម្រើសផ្សេងទៀត» ដូចជាអនុញ្ញាតដល់ការលក់ប្រេងបន្ថែមទៀតរបស់រុស្ស៉ី ដែលផ្ទុកក្នុងនាវាដឹកប្រេងជាប់ទណ្ឌកម្ម នៅលើដែនទឹកអាស៉ី។ ជាឧទាហរណ៍ កាលពីចុងសប្តាហ៍មុន ទីក្រុងវ៉ាស៉ីនតោនបានចេញការលើកលែងរយៈពេល ៣០ថ្ងៃ ដើម្បីអនុញ្ញាឱ្យមានការលក់ប្រេងឆៅរបស់រុស្ស៉ី ដែលបច្ចុប្បន្នជាប់គាំងនៅសមុទ្រ ទៅឱ្យប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា ទោះតម្លៃប្រេងបានធ្លាក់ចុះមកនៅក្រោម ៩០ដុល្លារក្នុងមួយបារ៉ែលវិញ ក្រោយប្រធានាធិបតី ដូណាល់ ត្រាំ និយាយថាសង្រ្គាមអ៉ីរ៉ងអាចបិទបញ្ចប់ឆាប់ៗក៏ដោយ តែតួលេខនេះគឺនៅតែខ្ពស់ បើធៀបនឹងមុនពេលមានសង្រ្គាមនៅមជ្ឈិមបូព៌ា៕
