អ៉ីរ៉ង់គំរាមមិនឱ្យប្រេងសូម្បីមួយតំណក់ដឹកចេញពីមជ្ឈិមបូព៌ា បើការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលនៅតែបន្ត ខណៈលោក ត្រាំ ព្រមានវាយខ្លាំងជាងមុន២០ដង បើហ៊ានធ្វើបែបនោះ
(តេហេរ៉ង់)៖ នាថ្ងៃអង្គារ ទី១០ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) នៃប្រទេសអ៉ីរ៉ង់ បានព្រមានថា ពួកគេនឹងមិនអនុញ្ញាតឱ្យប្រេងសូម្បីតែមួយតំណក់ អាចត្រូវដឹកជញ្ជូនចេញពីតំបន់មជ្ឈិមបូព៌ាឡើយ ប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល នៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ឆ្មាំបដិវត្តន៍អ៉ីរ៉ង់បាននិយាយថា ខ្លួននឹងមិនអនុញ្ញាតដាច់ខាតឱ្យប្រេងចាកចេញពីមជ្ឈិមបូព៌ា ប្រសិនអាមេរិកនិងអ៉ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ពួកគេ ហើយ IRGC បានបន្ថែមថា អ៉ីរ៉ង់គឺជាអ្នកដែលនឹងកំណត់ពីទីបញ្ចប់នៃសង្រ្គាម។ ការលើកឡើងបែបនេះ បាននាំឱ្យមានការចេញសារព្រមានពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានបង្ហោះសារថា «ប្រសិនបើអ៉ីរ៉ង់ហ៊ានរារាំងលំហូរប្រេងនៅច្រកសមុទ្រ Hormuz ពួកគេនឹងរងការវាយប្រហារខ្លាំងជាងពេលនេះ ដល់ទៅ២០ដង»។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ជាទីដែលប្រេងឆៅប្រមាណជា២០ភាគរយរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បានជាប់គាំងចាប់តាំងពីសង្រ្គាមមជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក បានបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំលើយោធាអ៉ីរ៉ង់ ហើយរំពឹងថា សង្រ្គាមនឹងចប់ទៅវិញក្នុងពេលឆាប់ៗ ប៉ុន្តែលោកពុំបានបញ្ជាក់ច្បាស់ថា តើជ័យជម្នះនឹងមានរូបរាងបែបណាឡើយ៕
