សហរដ្ឋអាមេរិក ជំរុញឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាសហរដ្ឋអាមេរិកបានស្នើឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើប្រភពពីមន្ត្រីអ៉ីស្រាអែលម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Axios បានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនសារខាងលើក្នុងកម្រិតមន្ត្រីនយោបាយជាន់ខ្ពស់ និងទៅកាន់អគ្គសេនាធិការកងទ័ពអ៉ីស្រាអែល IDF លោក Eyal Zamir។ បើតាមសេចក្ដីរាយការណ៍ដដែល រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើង ពីហេតុផលចំនួន៣ ក្នុងការស្នើឱ្យអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលអ៉ីរ៉ង់ ក្នុងនោះរួមមានគោលដៅមួយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យថាមពលអ៉ីរ៉ង់ បន្ទាប់ពីសង្រ្គាមបិទបញ្ចប់។

ចំណែក ហេតុផលផ្សេងទៀតគឺការបារម្ភថាការវាយប្រហារបែបនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនអ៉ីរ៉ង់ និងបង្ខំឱ្យអ៉ីរ៉ង់បើកការវាយប្រហារទ្រង់ទ្រាយធំសងសឹកលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់បណ្ដាប្រទេសអារ៉ាប់។ យ៉ាងណាក៏ដោយ ខាងសេតវិមាន ក្រសួការបរទេសអាមេរិក និងស្ថានទូតអ៉ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោនភ្លាមៗមិនបាន ឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយនោះទេ៕

 

អត្ថបទដែលជាប់ទាក់ទង