អ្នកនាំពាក្យ៖ ក្រសួងការងារត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់ សម្រាប់ជួយអតីតពលករមកពីប្រទេសថៃ និងពលករ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ

(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការរបស់ក្រសួងស្តីពី ការជួយបងប្អូនអតីតពលករ និងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា «កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ»

អ្នកនាំពាក្យដដែលរូបនេះ បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជាសម្បូរទៅដោយរោងចក្រសហគ្រាស ដែលកំពុងតែស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុករាប់ម៉ឺននាក់ ដើម្បីយកមកបំពេញតម្រូវការងាររកខ្លួន។

លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «នៅកម្ពុជាមានការងារធ្វើច្រើន ក្នុងនោះពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលទទួលបានឱកាសការងារមានចំនួនប្រមាណជាង ៨០ម៉ឺននាក់ហើយ បន្ថែមពីនេះ កម្ពុជានៅសល់ឱកាសការងារសម្បូរបែបជាច្រើនម៉ឺនកន្លែងទៀត ដែលកំពុងរងចាំបងប្អូន»។ លោកបានសង្កត់ធ្ងន់ថា ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការរកការងារធ្វើជូនពលរដ្ឋខ្មែរ អតីតពលករដែលបានត្រឡប់មកពីប្រទេសថៃ និងបងប្អូនពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

គួរបញ្ជាក់ដែរថា គិតមកត្រឹមពេលនេះ មានបងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ប្រមាណជាង ៩៥ម៉ឺននាក់ ដោយក្នុងនោះមានបងប្អូនអតីតពលករខ្មែរ ដែលទទួលបានឱកាសការងារធ្វើចំនួនជាង ៦៣ម៉ឺននាក់ តាមរយៈយន្តការក្រសួង និងវិស័យឯកជន នៅតាមរោងចក្រសហគ្រាសទាំងក្នុង និងក្រៅប្រព័ន្ធ។

ជាមួយគ្នានេះ លោក ស៊ុន មេសា ក៏បានអំពាវនាវសាជាថ្មីទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនអតីតពលករដែលមកពីប្រទេសថៃ និងមានបំណងត្រឡប់មកពីប្រទេសថៃ ពិចារណារកឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង