នាយករដ្ឋមន្រ្តីអ៉ីតាលី រិះគន់សង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ថាជាគំរូដ៏គ្រោះថ្នាក់នៃការធ្វើអន្តរាគមន៍នៅក្រៅវិសាលភាពច្បាប់អន្តរជាតិ
(រ៉ូម)៖ កាលពីថ្ងៃពុធ ទី១១ ខែមីនា នាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីតាលី លោកស្រី Giorgia Meloni បានរិះគន់ចំពោះ សង្រ្គាមរបស់អាមេរិកនិងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ថាវាជាផ្នែកនៃនិន្នាការដ៏គ្រោះថ្នាក់មួយ ដែលកំពុងរីកដុះដាល គឺការធ្វើអន្តរាគមន៍នៅក្រៅវិសាលភាពច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រី Meloni បានថ្លែងដូចខាងលើប្រាប់ទៅកាន់សភាអ៉ីតាលី បន្ទាប់ពីទទួលរងការចោទប្រកាន់ពីសំណាក់ក្រុមបក្សប្រឆាំងថា រដ្ឋាភិបាលរបស់លោកស្រី បានប្រកាន់ជំហរទន់ជ្រាយខ្លាំងពេកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ ភាគច្រើននៃបណ្តាប្រទេសអឺរ៉ុបដទៃទៀត លើកលែងតែអេស៉្បាញ មិនបានហ៊ានចេញមុខរិះគន់ចំៗ លើការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលឡើយ ដោយបានត្រឹមអំពាវនាវឱ្យអត់ធ្មត់។
គួរបញ្ជាក់ថា យ៉ាងណាមិញ លោកស្រីនាយករដ្ឋមន្រ្តីអ៉ីតាលី ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ថែមថា អ៉ីរ៉ង់ចាំបាច់មិនត្រូវអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ អាមេរិកនិងអ៉ីស្រាអែល កំពុងបន្តការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកជាមួយអ៉ីរ៉ង់ ពាសពេញតំបន់មជ្ឈិមបូព៌ា ស្របពេលដែលសង្រ្គាមឈានចូលដល់ថ្ងៃទី១៣ ក្នុងជម្លោះមួយដែលបានធ្វើឱ្យរាំងស្ទះ លំហូរនៃការផ្គត់ផ្គង់ប្រេងនិងឧស្ម័ន ២០ភាគរយរបស់ពិភពលោក៕
