រដ្ឋបាលរាជធានី និង ស.ស.យ.ក. ប្រជុំរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ពុទ្ធសករាជ ២៥៧០
រដ្ឋបាលរាជធានីភ្នំពេញ និង ស.ស.យ.ក. បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ពុទ្ធសករាជ ២៥៧០ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។
ដើម្បីឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះដំណើរការទៅដោយរលូន សប្បាយរីករាយ និងជោគជ័យ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍នេះក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ តែងរៀបចំជារៀងរាល់ឆ្នាំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ប៉ុន្តែសម្រាប់ឆ្នាំ២០២៦នេះ ក្រោមការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ធំជាងឆ្នាំកន្លងទៅនៅរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើង ដើម្បីថែរក្សាការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ជាផ្នែកមួយ នៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ២០២៦ ហើយព្រឹត្តិការណ៍នេះ ក៏មិនខុសពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ឡើយ គឺក្នុងគោលបំណងនាំមកនូវការជួបជុំគ្នា ទាំងប្រជាពលរដ្ឋក្នុង និងក្រៅស្រុក។ ជាមួយនិងការផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងធ្វើឡើងនៅទីតាំងធំៗចំនួន៣ទីតាំង និងតូចចំនួន៣ទីតាំងទៀត ក្នុងនោះទីតាំងធំៗចំនួន៣មានទី១ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខ និងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក៣ទីតាំងតូចៗ មានទី១ នៅសួនមុខវត្តបទុមវតី ទី២ បាសាក់លែន នៅផ្លូវលេខ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥ ផ្លូវជុំវិញផ្សារទួលទំពូង ក្នុងខណ្ឌចំការមន៕
