ប្រធានាធិបតី ដូណាល់ ត្រាំ អះអាងថា សង្រ្គាមនៅអ៉ីរ៉ង់គឺអាមេរិកឈ្នះហើយ គ្រាន់តែមិនទាន់ចប់

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក បានឈ្នះសង្រ្គាមនៅអ៉ីរ៉ង់ហើយ ប៉ុន្តែនឹងនៅបន្តការប្រយុទ្ធដើម្បីបង្ហើយឱ្យចប់ចុងចប់ដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកមិនដែលចង់និយាយឆាប់ពេកទេថា អ្នកទទួលបានជ័យជម្នះ។ ប៉ុន្តែយើងឈ្នះហើយ គឺវាចប់តាំងពីប៉ុន្មានម៉ោងដំបូងម្ល៉េះ»។ លោកប្រធានាធិបតីអាមេរិក បានអះអាងទៀតថា យោធាអាមេរិកបានកម្ទេចនាវាយោធាអ៉ីរ៉ង់​៥៨គ្រឿង។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ដូណាល់ ត្រាំ បាននិយាយត្រឡប់ទៅត្រឡប់មកពាក់ព័ន្ធអ៉ីរ៉ង់ ដោយរូបលោកអះអាងថា យោធាអាមេរិក បានបង្កការខូចខាតយ៉ាងដំណំចំពោះសមត្ថភាពយោធាអ៉ីរ៉ង់ ប៉ុន្តែនៅតែបន្តសង្រ្គាម ដោយមិនច្បាស់ថា វានឹងបញ្ចប់​ទៅវិញនៅពេលណា។

លោក ត្រាំ បានបន្តថា សហរដ្ឋអាមេរិកសឹងតែបានកម្ទេចអ៉ីរ៉ង់ទាំងស្រុងហើយ ប៉ុន្តែមិនទាន់ចង់ចាកចេញទៅវិញឆាប់ពេកនោះទេ គឺត្រូវនៅសម្រេចការងារឱ្យដាច់ស្រេច។ លោក ត្រាំ បានគូសបញ្ជាក់ថា «យើងមិនចង់ត្រឡប់មកវិញរៀងរាល់២ឆ្នាំម្តង​នោះទេ»

គួរបញ្ជាក់ថា អាមេរិកនិងអ៉ីស្រាអែល កំពុងបន្ត​ការវាយប្រហារតាមផ្លូវអាកាសដាក់គ្នាទៅវិញទៅមកជាមួយអ៉ីរ៉ង់ ពាសពេញតំបន់មជ្ឈិមបូព៌ា ស្របពេលដែលសង្រ្គាមឈានចូល​ដល់ថ្ងៃទី១៣ ក្នុងជម្លោះមួយដែលបានធ្វើឱ្យរាំងស្ទះលំហូរនៃការផ្គត់ផ្គង់ប្រេងនិងឧស្ម័ន ២០ភាគរយរបស់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង