ប្រមុខស៊ើបការណ៍សម្ងាត់អាមេរិក អះអាងថាអ៉ីរ៉ង់មិនបានស្ដារការចម្រាញ់នុយក្លេអ៊ែរឡើងវិញទេ មុនសង្រ្គាមផ្ទុះឡើង

(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី Tulsi Gabbard បាននិយាយថាសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានវាយតម្លៃថាអ៉ីរ៉ង់មិនបានកសាង ឬស្ដារសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញនោះទេ បន្ទាប់ពីរងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការកត់សម្គាល់បែបនេះរបស់លោកស្រី Tulsi Gabbard កាលពីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៥ ហាក់បញ្ច្រសគ្នាពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ងដែលលោកយកមកប្រើជាហេតុផលដើម្បីរួមដៃគ្នាជាមួយអ៉ីស្រាអែលវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅនេះ។

លោក ត្រាំ និងមន្ត្រីជំនិតរបស់លោកបានអះអាងម្ដងហើយម្ដងទៀតថាមហិច្ឆតានុយក្លេអ៊ែរអ៉ីរ៉ង់ គឺជាហេតុផលដ៏ចម្បងមួយជំរុញឱ្យសហរដ្ឋអាមេរិកបោះបង់ចោលកិច្ចចរចា តាមផ្លូវការទូត ហើយរើសយកជម្រើសយោធាប្រឆាំងអ៉ីរ៉ង់។ នៅក្នុងការផ្ដល់សក្ខីកម្មជាលាយលក្ខណ៍អក្សរទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក លោកស្រី Gabbard បានគូសបញ្ជាក់ថា «ជាលទ្ធផលនៃប្រតិបត្តិការ Operation Midnight Hammer កម្មវិធីចម្រាញ់នុយក្លេអ៊ែររបស់អ៉ីរ៉ង់ត្រូវបានបំផ្លាញ។ ដូច្នេះ មិនមានកិច្ចប្រឹងប្រែងណាមួយបានធ្វើឡើងក្រោយប្រតិបត្តិការនេះ ដើម្បីកសាងសមត្ថភាពចម្រាញ់នុយក្លេអ៊ែររបស់ពួកគេឡើងវិញនោះទេ»។ លោកស្រី Gabbard ថ្លែងបែបនេះដោយចង់សំដៅលើការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា លោក ត្រាំ ក៏ធ្លាប់បានលើកឡើងជាដងដែរថាការវាយប្រហារកាលពីខែមិថុនា ឆ្នាំ២០២៥ បានកម្ទេចសមត្ថភាពនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ តែក្រោយមក លោក បានព្រមានថាមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ជាការគំរាមកំហែងបន្ទាន់ចំពោះសហរដ្ឋអាមេរិក បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ។ ដោយឡែក អ្នកជំនាញនុយក្លេអ៊ែរជាច្រើនបាននិយាយថាបើទោះជាអ៉ីរ៉ង់ព្យាយាមផលិតអាវុធនុយក្លេអ៊ែរ ក៏វាមិនមែនជាការគំរាមកំហែងបន្ទាន់ ឬក្នុងរយៈពេលមធ្យមនោះដែរ៕

អត្ថបទដែលជាប់ទាក់ទង