អាមេរិក បាត់បង់ដ្រូនចារកម្មតម្លៃ ១៦ លានដុល្លារប្រហែល ១០ គ្រឿង ក្នុងសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានបាត់បង់យន្តហោះដ្រូនយោធា MQ-9 Reaper ប្រហែល ១០ គ្រឿង ដោយពួកវាមានតម្លៃប្រហែល ១៦ លានដុល្លារក្នុងមួយគ្រឿង នាអំឡុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលកំពុងបន្តឆាបឆេះពាសពេញប្រទេសឈូងសមុទ្រ ។

បើតាម ABC News ចេញផ្សាយកាលពីថ្ងៃ ពុធ ផ្អែកតាមប្រភពពីមន្ត្រីអាមេរិកចំនួនពីររូប, មូលហេតុនៅពីក្រោយការបាត់បង់យន្តហោះដ្រូនយោធា MQ-9 Reaper គឺដោយសារតែរងការវាយប្រហារពីមីស៊ីលរបស់អ៊ីរ៉ង់ ឬការបាញ់ទម្លាក់ច្រលំពីសម្ព័ន្ធមិត្តឈូងសមុទ្រ ។

យោងតាម TASS, កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់យន្តហោះដ្រូនចំនួន ១១២ គ្រឿង ក្នុងនោះមានដ្រូន MQ-9 ផងដែរ ចាប់តាំងពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើម ។

បេសសកម្មស្នូលរបស់ដ្រូន MQ-9 Reaper គឺការឈ្លបយកការណ៍ និងការវាយប្រហារគោលដៅសត្រូវច្បាស់លាស់ ។ វាមានបណ្តោយ ១០.៩៧ ម៉ែត្រ និងស្លាបប្រវែង ២០.១១ ម៉ែត្រ ។ វាអាចហោះហើរបានយូរលើសពី ២៧ម៉ោង ក្នុងរយៈចម្ងាយប្រហែល ១,៨៥០ គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមា ៤៨២ គីឡូម៉ែត្រក្នុងមួយម៉ោង ។

អ្វីដែលជាចំណុចពិសេសរបស់វា នោះគឺដ្រូន MQ-9 Reaper អាចពាំក្បាលគ្រាប់បានច្រើនប្រភេទ រួមមានមីស៊ីល AGM-114 Hellfire, គ្រាប់បែកនាំផ្លូវ GBU-12 Paveway II, GBU-38, GBU-49 Enhanced Paveway II, និង GBU-54 ។ យោងតាមក្រុមហ៊ុន General Atomics, ដ្រូនប្រភេទនេះ កំពុងត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសរបស់ចក្រភពអង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងបារាំង ។

បើតាម ABC News, ក្នុងឆ្នាំ ២០២០ កងទ័ពអាកាសអាមេរិក បានប្រកាសពីកិច្ចសន្យាទិញដ្រូន Reapers រយៈពេល ៥ ឆ្នាំចុងក្រោយ ហើយក្រុមហ៊ុនផលិត General Atomics បានបិទខ្សែច្រវ៉ាក់ផលិតកម្មកាលពីឆ្នាំមុន បន្ទាប់ពីបានផលិតដ្រូនប្រភេទនេះ ចំនួន ៥៧៥ គ្រឿង ៕

ប្រភព ៖ ABC News

អត្ថបទដែលជាប់ទាក់ទង