ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាគ្មានផែនការបញ្ជូនកងទ័ពអាមេរិក ចូលទៅកាន់អ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមិនមានផែនការបញ្ជូនកងទ័ពអាមេរិកចូលទៅកាន់អ៉ីរ៉ង់នោះទេ ខណៈសង្រ្គាមកំពុង ឆ្ពោះទៅរកសប្ដាហ៍ទី៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ជាការឆ្លើយតបទៅកាន់អ្នកសារព័ត៌មានម្នាក់ដែលបានសួរថាតើលោក មានផែនការបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់អ៉ីរ៉ង់ឬក៏អត់? ជាការឆ្លើយតបអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅឯវិមានពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ថា «ខ្ញុំនឹងមិនបញ្ជូនកងទ័ពទៅណាទេ ហើយប្រសិនបើខ្ញុំបញ្ជូន ក៏ខ្ញុំនឹងមិនប្រាប់អ្នកដែរ។ ប៉ុន្តែខ្ញុំមិនបញ្ជូនកងទ័ពនោះទេ។ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់»។
គួរបញ្ជាក់ថា Reuters កាលពីថ្ងៃពុធសប្ដាហ៍នេះដោយផ្អែកលើមន្ត្រីអាមេរិកម្នាក់បានរាយការណ៍ថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណាបញ្ជូន កងទ័ពរាប់ពាន់នាក់ទៅជួយពង្រឹងប្រតិបត្តិការសង្រ្គាមប្រឆាំងអ៉ីរ៉ង់៕