តម្លៃប្រេងអន្តរជាតិ ហក់ឡើងដល់ជាង ១០០ដុល្លារវិញក្នុងមួយបារ៉ែល នាថ្ងៃព្រហស្បតិ៍នេះ, អ្នកជំនាញថា តម្លៃប្រេងប្រែប្រួលអាស្រ័យលើទំនោរនៃសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់
(តូក្យូ)៖ តម្លៃប្រេងអន្តរជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានកើនឡើងវិញ ក្រោយធ្លាក់ចុះបានបន្តិចកាលពីពេលថ្មីៗ ខណៈវិនិយោគិនពិនិត្យឡើងវិញលើទស្សនវិស័យ ដែលថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចធូរស្រាល ដ្បិតថាអ៉ីរ៉ង់នៅពិនិត្យមើលសំណើបញ្ចប់សង្គ្រាម ហើយអាមេរិកថានឹងវាយប្រហារកាន់តែខ្លាំង បើតេហេរ៉ង់មិនទទួលស្គាល់បរាជ័យក្នុងសង្រ្កាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅ Brent មានតម្លៃ ១០៣.៣៥ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.១៣ដុល្លារ ឬ ១.១ភាគរយ។ រីឯប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃ ៩១.៤០ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១.០៨ដុល្លារ ឬ ១.២ភាគរយ។ បើប្រៀបធៀបនឹងថ្ងៃពុធ តម្លៃប្រេងឆៅទាំងពីរបានកើនឡើង ២ភាគរយវិញ ក្រោយធ្លាក់ចុះជិត ៦ភាគរយ។
ទោះបីជាបាននិយាយថា មានការពិនិត្យឡើងវិញលើសំណើដោះស្រាយរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមក៏ដោយ តែអ៉ីរ៉ង់ថាខ្លួនគ្មានចេតនាធ្វើកិច្ចចរចានោះទេ។ តាមសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនឹងវាយប្រហារអ៉ីរ៉ង់កាន់តែខ្លាំង ប្រសិនបើទីក្រុងតេហេរ៉ង់ មិនទទួលយកថាខ្លួនបានចាញ់ក្នុងសង្រ្គាម។
លោក Tsuyoshi Ueno សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បានគូសបញ្ជាក់ថា «សុទិដ្ឋិនិយមទាក់ទងនឹងបទឈប់បាញ់ បានរលត់បាត់ទៅហើយ»។ លោកបន្ថែមថា របារដែលដាក់ដោយទីក្រុងវ៉ាស៉ីនតោនគឺកាន់តែខ្ពស់ ទុកឱ្យតម្លៃប្រេងងាយរងគ្រោះដោយភាពប្រែប្រួល ដែលអាស្រ័យលើការចរចា និងសកម្មភាពយោធានៃភាគីទាំងសងខាង៕
